សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យ លោក ចច យ៉ូ យ៉ុង ប៊ូន(George Yeo Young-Boon) អតីតរដ្ឋមន្រ្តីការបរទេសសិង្ហបុរី រួមទាំងសហការី ចូលជួបសម្តែងការគួរសម នៅថ្ងៃទី ៧ ធ្នូ នាវិមានសន្តិភាព។
នៅក្នុងជំនួបនោះ លោក George Yeo Young-Boon បានធ្វើការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញចាករួចផុតពីសង្គ្រាម។
លើសពីនោះ លោក ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសក្តានុពលនៃវិស័យវិនិយោគ និងវិស័យមួយចំនួនទៀតនៅកម្ពុជា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ស្របពេលដែលលោកក៏បានអញ្ជើញចូលរួមធ្វើបាឋកថាជូនដល់សិក្ខាកាមនៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមធ្វើបាឋកថានៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអរគុណ ដែលលោកតែងតែបានគាំទ្រដល់តួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងរយៈកាលកន្លងមក ព្រមទាំងបានលើកឡើងអំពីគោលនយោបាយ និងកម្មវិធីនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអភិវឌ្ឍប្រទេស បន្ទាប់ពីទទួលបាននូវសុខសន្តិភាពពេញលេញ ចាប់តាំងពីចុងឆ្នាំ១៩៩៨ នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងយុទ្ធសាស្ត្ររបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕