អតីតប្រធាន Binance គ្មានសិទ្ធចាកចេញពីទឹកដីអាមេរិក រហូតដល់ចុងខែកុម្ភៈឆ្នាំក្រោយ

អន្តរជាតិ

មហាសេដ្ឋី និងជាអតីតប្រធានក្រុមហ៊ុន Binance លោក Changpeng Zhao ត្រូវតែមានវត្តមាននៅ​លើ​ទឹកដីសហរដ្ឋអាមេរិក រហូតដល់ចុងខែកុម្ភៈឆ្នាំក្រោយ ពោលអាជ្ញាធរអាមេរិក​មិនតម្រូវឲ្យ​មហាសេដ្ឋីម្នាក់នេះ ចាកចេញពីប្រទេសឡើយ ព្រោះត្រូវរង់ចាំការកាត់ទោសពីតុលាការ ជុំវិញការល្មើសច្បាប់ប្រឆាំងនឹងការលាងលុយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កាលពីខែមុន Binance Holdings បានយល់ព្រមបង់ប្រាក់ពិន័យច្រើនជាង ៤,៣ពាន់លានដុល្លារ និងបានសារភាពពិតជាបានធ្វើខុសច្បាប់ ខណៈលោក Zhao ក៏យល់ព្រមទទួលកំហុស ហើយក៏ប្រឈមនឹងការជាប់ពន្ធនាគារយ៉ាងយូរ ១៨ខែផងដែរ។

បច្ចុប្បន្ន ស្ថាបនិក Binance រូបនេះ គឺមានសិទ្ធរស់នៅក្រៅឃុំ ប៉ុន្តែតុលាការអាមេរិកបញ្ជា​ដាច់ខាត​មិនឲ្យលោកចាកចេញពីសហរដ្ឋអាមេរិកឡើយ ដោយអនុញ្ញាតឲ្យធ្វើដំណើរបាន​គ្រប់រដ្ឋនៅអាមេរិក លើកលែងតែក្រៅប្រទេស រហូតដល់ចេញការកាត់ទោសជាផ្លូវការ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

មូលហេតុដែលតុលាការ មិនអនុញ្ញាតឲ្យមហាសេដ្ឋីម្នាក់នេះចាកចេញពីអាមេរិក គឺដោយសារព្រួយបារម្ភថា លោកអាចនឹងរត់ទៅសំងំនៅទឹកដីអារ៉ាប់រួម ឬអាចរត់គេចវែសពីការ​កាត់ទោសរបស់សហរដ្ឋអាមេរិក៕