ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯកជិត៣ពាន់នាក់ ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញទិសដៅអភិវឌ្ឍន៍តំបន់រុនតាឯកឱ្យក្លាយទៅជាទីក្រុងថ្មីមួយ និងបានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធសហការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធរដ្ឋបាលឱ្យសម្រេចបានតាមទិសដៅនេះ ខណៈហេដ្ឋារចនាសម្ព័ន្ធសម្រេចបានជាច្រើនគួរឱ្យកត់សម្គាល់។
សម្តេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមើលកន្លែងនេះមិនមែនជាស្រុកធម្មតាទេ ហើយសម្ដេចតេជោក៏បានដាក់ទិសដៅហើយថា ហេដ្ឋារចនាសម្ព័ន្ធកន្លែងនេះគួររៀបចំទៅជាទីក្រុង ដូច្នេះត្រូវរៀបចំបំពេញលក្ខខណ្ឌទៅជាក្រុងរុនតាឯក»។
សម្តេចធិបតី មានប្រសាសន៍ទៀតថា តំបន់រុនតាឯកបានក្លាយទៅជាតំបន់អភិវឌ្ឍន៍យ៉ាងច្រើន ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងវត្តជាដើម។ហើយរុនតាឯក ក្នុងទឹកដីខេត្តសៀមរាប នឹងក្លាយជាក្រុងសំខាន់មួយក្នុងខេត្តសៀមរាប។ក្នុងន័យនេះ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តនឹងខិតខំអភិវឌ្ឈន៍តំបន់នេះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង អាចសម្រេចទៅបាន គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់នេះ មិនអាចអភិឌ្ឍន៍ទៅបានដោយគ្មានការចូលរួមពីប្រជាពលរដ្ឋនោះទេ។
គួរបញ្ជាក់ថា ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាភូមិឋានថ្មីដែលរាជរដ្ឋាភិបាលបង្កើតឡើង សម្រាប់ប្រជាពលរដ្ឋដែលប្តូរចេញពីតំបន់រមណីយដ្ឋានអង្គរ។ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋចេញពីដីរមណីយដ្ឋានអង្គរ ជាកិច្ចការដ៏ចាំបាច់បំផុតក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
គិតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តប្តូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកមានប្រមាណ ៥,៨៦៥គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងប្រមាណ ៤,០៣២គ្រួសារ៕