គណបក្សកុម្មុយនីស្តវៀតណាមបានបញ្ជាក់ច្បាស់ៗថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចនៅប្រទេសអាស៊ានមួយនេះ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ដើម្បីជួបជាមួយថ្នាក់ដឹកនាំកំពូលនៃប្រទេសវៀតណាម និងជជែកគ្នាពីទំនាក់ទំនងប្រទេសទាំង២។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ថ្នាក់ដឹកនាំវៀតណាម និងចិន គ្រោងជជែកគ្នាទាក់ទងលើការពង្រឹងផ្នែកសន្តិសុខនយោបាយ បញ្ហាដែនសមុទ្រ និងពហុភាគី ក៏ដូចជាការពង្រឹងបន្ថែមនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំង២ជាដើម។
គួររំលឹកបន្តិចថា មួយរយៈចុងក្រោយនេះ ទំនាក់ទំនងរវាងចិន និងវៀតណាមហាក់មានភាពល្អប្រសើរឡើងវិញ ពោលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ កំពុងមានសន្ទុះខ្លាំង ខណៈត្រឹមរយៈពេល ១១ខែដំបូង នៃឆ្នាំ២០២៣ វៀតណាមទទួលបានការបណ្ដាក់ទុនពីវិនិយោគិនចិន និងហុងកុង ប្រមាណ ៨,២ពាន់លានដុល្លារ។
សូមជម្រាបដែរថា ការធ្វើដំណើរទៅកាន់ប្រទេសវៀតណាមសារនេះ គឺជាការបំពេញទស្សនកិច្ចក្រៅប្រទេសលើកទី៤ នៅក្នុងឆ្នាំនេះ របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង៕