កាសែត Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុន Apple Inc មានគម្រោងការខ្នាតយក្ស នៅរោងចក្រនៃប្រទេសឥណ្ឌា ពោលគឺចង់ផលិតទូរស័ព្ទ iPhone ច្រើនជាង ៥០លានគ្រឿងក្នុងមួយឆ្នាំនៅទីនោះ។
បើទោះជាបច្ចុប្បន្នរោងចក្ររបស់ Apple នៅឥណ្ឌា កំពុងស្ថិតក្រោមការសាងសង់មែន ប៉ុន្តែវាគ្រោងនឹងដំណើរការនាខែមេសាឆ្នាំក្រោយ ខណៈផែនការដ៏ធំរបស់ក្រុមហ៊ុនអាមេរិកមួយនេះ ដាក់ក្ដីរំពឹងខ្ពស់នៅឥណ្ឌា ដោយសារទីនោះគឺជាទីផ្សារទូរស័ព្ទធំបំផុតទី២លើលោក។
ផែនការផលិតទូរស័ព្ទ iPhone ច្រើនជាង ៥០លានគ្រឿងនៅឥណ្ឌា គឺស្មើនឹង ១/៤ នៃការផលិត iPhone ទាំងអស់របស់ Apple ទូទាំងសកលលោក ហើយពួកគេរំពឹងថា នឹងអាចសម្រេចគោលដៅមួយនេះ ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ។
សូមជម្រាបបន្ថែមថា ការពង្រីកខ្លួនរបស់ Apple នៅក្នុងទីផ្សារឥណ្ឌា គឺជាផ្នែកមួយនៃផែនការរបស់ពួកគេ ដើម្បីផ្ដាច់ខ្លួនចេញខ្លះពីចិន ដែលកំពុងគ្រប់គ្រងស្ទើរទាំងស្រុងនៃសង្វាក់ផលិតកម្ម ក៏ដូចជាមិនចង់ពាក់ព័ន្ធនឹងការធ្វើសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ដែលអាចនាំផលប៉ះពាល់ដល់ក្រុមហ៊ុនមានតម្លៃថ្លៃបំផុតនៅលើលោកមួយនេះ៕