ក្រសួងយុត្តិធម៌ បានចោទប្រកាន់លើកូនប្រុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គឺលោក Hunter Biden ដែលមិនបានបង់ពន្ធឲ្យរដ្ឋចំនួន ១,៤ លានដុល្លារ ខណៈពេលដែលឃើញចំណាយប្រាក់រាប់លានដុល្លារ លើរបៀបរស់នៅដ៏ស៊ីវិល័យទៅវិញ។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន Reuters ។
យោងតាមឯកសារដែលបានដាក់ទៅកាន់តុលាការនៅរដ្ឋកាលីហ្វ័រញ៉ា លោក Hunter Biden ត្រូវបានរងការចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣ករណី និងបទល្មើសពន្ធដារចំនួន ៦ករណី ។
ឯកសារនោះបានលើកឡើងបន្ថែមទៀតថា៖ ចុងចោទរូបនេះ បានចូលរួមក្នុងគម្រោងមួយដែលមានរយៈពេល ៤ឆ្នាំ ក៏ប៉ុន្តែមិនបានបង់ពន្ធយ៉ាង់ហោចណាស់ ១,៤ លានដុល្លារ ចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ។
ជាមួយគ្នានោះ តុលាការបានចោទប្រកាន់ទៀតថា លោកបានចំណាយប្រាក់រាប់លានដុល្លារលើសារធាតុញៀន មិត្តស្រី សណ្ឋាគារប្រណីតៗ អចលនទ្រព្យ រថយន្តស៊េរីទំនើប សម្លៀកបំពាក់ថ្លៃៗ និងរបស់របរប្រើប្រាស់មានតម្លៃជាច្រើនផ្សេងទៀតផងដែរ។
យ៉ាងណាមិញ ក្រសួងយុត្តិធម៌កំពុងតែបន្តស៊ើបអង្កេតទៅលើរូបលោក ខណៈប្រសិនបើមានជាប់ពាក់ព័ន្ធនឹងរឿងក្តីក្តាំទាំងនោះពឹតប្រាកដមែន លោក Hunter អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១៧ ឆ្នាំ៕