លោក នៅ ស៊ីនិត៖ បើបើកមុខរបរយូរហើយ គ្មានអ្នកស្មោះត្រង់ជាមួយសូម្បីម្នាក់ មានន័យថាយើងគ្មានសមត្ថភាពជាមេនោះទេ

សង្គម​ និង​សេដ្ឋកិច្ច

លោក នៅ ស៊ីនិត ជាវិស្វករ និងជាអ្នកម៉ៅការសំណង់​​មួយ​រូប ​​យល់​ថា​​​បើ​យើងបើកមុខរបរយូរហើយ ប៉ុន្តែ​យើងគ្មានអ្នកស្មោះត្រង់នៅជាមួយយើង​សូម្បីតែម្នាក់​ដែលអាចជំនួសដៃជើងបានទេ នោះបានន័យថា​អ្នក​មិនមានសមត្ថភាពជាមេរបស់គេនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​អ្នកជំនាញ​លើ​វិស័យ​សំណង់​រូប​នេះ ​​បាន​លើក​ឡើង​កាល​ពី​ថ្មីៗ​ថា អាជីបជាអ្នកម៉ៅការសំណង់ យើងជា​ម្ចាស់​អាជីវកម្ម ត្រូវតែមានជំនាញផ្នែកសំណង់​ឱ្យ​ច្បាស់លាស់ជាដាច់ខាត ដើម្បីស្រមតាមក្រមសីលធម៌វិជ្ជាជីវៈ និង​ត្រូវមានភាពស្មោះត្រង់ ទំនួលខុសត្រូវ និយាយម៉ាត់ណាម៉ាត់នឹង ទើបអាចឱ្យ​អាជីវកម្មរបស់យើង​ដើរទៅមុខបាន​រលូន។ លោក​បន្ត​ថា រយៈពេលជិត១០ឆ្នាំនៃមុខរបររបស់​លោក​ លោក​ទទួលបានមេទ័ព និង​ទ័ពជួរមុខច្រើន​ណាស់ ដែលពួកគេ​មិនដែលរុញរាឡើយ​នូវការងារ​ដែលលោក​បានដាក់ឱ្យ​ពួកគេ​ធ្វើ ទោះបីជានៅកណ្តាលព្រៃ គ្មានមនុស្សម្នាររស់នៅក៏ដោយ។

លោក នៅ ស៊ីនិត បាន​បញ្ជាក់​ដូច្នេះ​ថា៖ “នេះជាមេរៀនមួយ ដែល​ខ្ញុំចង់ចែករំលែកទៅកាន់សហគ្រិនថា បើ​យើង​បើកមុខរបរយូរហើយ ប៉ុន្តែយើងគ្មានអ្នកស្មោះត្រង់នៅជាមួយ​យើង​សូម្បីតែម្នាក់​ដែលអាចជំនួស​ដៃជើង​បានទេ នោះបានន័យថាអ្នកមិនមានសមត្ថភាពជាមេរបស់គេទេ ហើយអ្នកនឹងប្រើលុយធ្វើការឱ្យ​អ្នករហូត។ អ្នក​មិនអាចប្រើបេះដូងឱ្យ​មនុស្សធ្វើការអោយអ្នកបានឡើយ។ អាជីវកម្មបែបនេះ គឺងាយនឹងក្ស័យធនណាស់ បើ​អ្នកមានបញ្ហា នោះអាជីវកម្មរបស់អ្នកនឹងដួលរលំតែម្តង”។

លោក នៅ ស៊ីនិត មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង កើតក្នុងគ្រួសារ មាន​ជីវ​ភាព​មិ​នសូវជាធូរធារ​នោះ​ទេ។ លោក​ធ្លាប់​ឆ្លងកាត់​ការ​លំបាក​ជា​ច្រើន​ទម្រាំ​ក្លាយ​ជា​វិស្វករ និង​ជា​អ្នកម៉ៅការ​សំណង់ ដោយ​ធ្លាប់​ធ្វើ​ជា​​អ្នក​រត់តុ រត់ម៉ូតូឌុប ដើម្បី​យកថវិកា ទៅ​ផ្គត់ផ្គង់​ថ្លៃ​សាលា នៅ​មហាវិ​ទ្យា​ល័យ ក្នុងរាជធានីភ្នំពេញ។ ក្រោយ​ចប់​​​ការ​សិក្សា​ពី​មហាវិទ្យាល័យ ​ទើប​លោក​មាន​ឱកាស​ចូល​បម្រើការងារ​ជា​វិស្វករ​នៅ​ក្រុមហ៊ុន​បុរី​មួយ​ចំនួន រហូត​​ប្រែក្លាយ​ខ្លួន​ទៅ​ជា​អ្នកម៉ៅការ​សំណង់​បន្ថែម​ទៀត៕