ការិយាល័យនយោបាយចិនបានប្រកាសនាថ្ងៃទី០៨ ខែធ្នូនេះថា រដ្ឋាភិបាលនឹងជំរុញតម្រូវការក្នុងស្រុកបន្ថែមទៀត ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២៤។
ជាមួយគ្នា សារព័ត៌មាន Reuters ក៏បានរាយការណ៍បន្ថែមថា ចិននឹងនៅតែបន្តអនុវត្តគោលនយោបាយរូបិយវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន និងគោលនយោបាយសារពើពន្ធសកម្មក្នុងឆ្នាំ ២០២៤ ផងដែរ។
ទន្ទឹមនឹងនោះ ទីភ្នាក់ងារសារព័ត៌មាន Xinhua ក៏បានចុះផ្សាយថា តម្រូវការក្នុងស្រុកគួរតែទទួលបានការជំរុញបន្ថែម ដើម្បីបង្កើតជាវដ្ដប្រកបដោយគុណធម៌ នៃការលើកកម្ពស់ការប្រើប្រាស់ និងការវិនិយោគទៅវិញទៅមក។
បន្ថែមពីនេះ ប្រភពដដែលក៏បានបញ្ជាក់ទៀតថា ប្រទេសចិន នឹងបង្កើនភាពរឹងមាំសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ការពារ និងដោះស្រាយហានិភ័យ ធ្វើអោយប្រសើរឡើងនូវការរំពឹងទុករបស់សង្គម ពង្រឹង និងលើកកម្ពស់និន្នាការវិជ្ជមាននៃការងើបឡើងវិញនៃសេដ្ឋកិច្ច បន្តលើកកម្ពស់ការកែលម្អប្រកបដោយប្រសិទ្ធភាពនៃគុណភាព និងកំណើនសមហេតុផលនៃសេដ្ឋកិច្ចថែមទៀតផង។
សូមជម្រាបដែរថា សេដ្ឋកិច្ចវិទូជាច្រើនសុទ្ធតែបង្ហាញការសន្និដ្ឋានថា ចិនប្រាកដជាសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ច ៥% នាឆ្នាំនេះ ស្របពេលទីប្រឹក្សារដ្ឋាភិបាលបានណែនាំ ឲ្យបន្តដាក់គោលនយោបាយកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ ឲ្យមានលំនឹងសិន សឹមដាក់គោលដៅធំឈានដល់ចំណុចកំពូលមុនមានជំងឺរាតត្បាតកូវីដ ១៩៕