ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញអេឌ្យូខេសិន គ្រុប បានផ្ដាំផ្ញើទៅកូនប្រុសក្រោយប្រឡងជាប់បាក់ឌុបនាសម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ យ៉ាងមានអត្ថន័យ ដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ។
លើកឡើងលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នេះ ឧកញ៉ា ប៉ិច បូឡែន បានលើកយកបណ្ដាំ របស់ឪពុកម្ដាយ ផ្ដាំបន្តទៅកូនប្រុសវ័យ១៨ឆ្នាំថា «ធំពេញវ័យហើយណាកូន! ១៨ឆ្នាំហើយ ចប់បាក់ឌុប ហើយត្រូវបន្តសិក្សាមហាវិទ្យាល័យ។ កូនត្រូវដើរតួជាបង្គោលទី២ក្នុងគ្រួសារយើង។ កូនគិតត្រូវ យល់ត្រូវ ធ្វើត្រូវ បើធ្វើខុស ឆ្លុះបញ្ចាំង ហើយកែតម្រូវតម្រង់ឱ្យត្រង់វិញ ហើយដើរទៅមុខទៀត។ »
ក្នុងជីវិតរស់នៅប្រចាំថ្ងៃ លោកឧកញ៉ាផ្ដាំកូនប្រុសថា ការរស់នៅមិនត្រូវបំពានគេនោះទេ តែក៏មិនត្រូវនៅស្ងៀម នៅពេលដែលគេបំពាននោះដែរ។ ក្នុងការរស់នៅត្រូវចេះស្ដាប់គេ និងចេះលើកជាយោបល់ប្រាស្រ័យទាក់ទង ដើម្បីបង្កើតប្រយោជន៍រួម។
សូមជម្រាបជូនថា ស្ថាបនិក វេសឡាញអេឌ្យូខេសិន ឧកញ៉ា ប៉ិច បូឡែន ជានិច្ចកាលតែងតែមានដំបូន្មានល្អៗ ជូនដល់យុវជនជំនាន់ក្រោយ ជាពិសេសសិស្សានុសិស្សដែលទើបប្រឡងជាប់បាក់ឌុបថ្មីៗក្នុងការមករៀនបន្តនៅសាកលវិទ្យាល័យ៕
អត្ថបទ៖ សុកធា