ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប របស់ឧកញ៉ា ដួង តិច ជាកូនប្រុសអ្នកឧកញ៉ា ដួង ឈីវ បានប្ដឹងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឈ្មោះថា ឧត្តមសេនីយ៍ឯក កឹម ជាតិ ដើម្បីទាមទារប្រាក់ចំនួន ១០ម៉ឺនដុល្លារ ដោយស្នើឲ្យសងស្រាទាំងអស់យកមកវិញចំនួន៤៨ដបមកឲ្យក្រុមហ៊ុនវិញ។ នេះបើតាមពាក្យបណ្តឹងរបស់លោក អ៊ុច សុផាត្រា មេធាវីតំណាងឲ្យអាណត្តិក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។
យោងតាមពាក្យបណ្តឹង មេធាវី អ៊ុច សុផាត្រា បានផ្ញើទៅកាន់ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការនៃក្រសួងមហាផ្ទៃ ប្តឹងក្រុមការងារគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយឧត្តមសេនីយ៍ឯក គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការ ដោយបានលើកឡើងថា៖ «នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានក្រុមការងារនៃគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយ លោក គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានគណៈកម្មាការបានមកដល់ទីតាំងឃ្លាំងលក់ស្រាស្របច្បាប់របស់ក្រុមហ៊ុនកូនក្តីខ្ញុំបាទ ដោយចោទថា ផលិតផលរបស់ក្រុមហ៊ុនកូនក្តីខ្ញុំបាទ មានដូចជាស្រាចម្រុះ និងប្រេងកូឡា ប្រេងខ្យល់ មិនស្របច្បាប់ ហើយតម្រូវឱ្យដកហូតស្រាមួយចំនួនទៅពិនិត្យ និងតម្រូវឱ្យបិទសៀលលើទ្វារឃ្លាំងមិនឲ្យក្រុមហ៊ុនកូនក្តីខ្ញុំបាទធ្វើអាជីវកម្មបាន និងទាមទារប្រាក់ចំនួន 100,000 ដុល្លារអាមេរិក (មួយម៉ឺនដុល្លារអាមេរិក) ជាថ្នូរនឹងការបើកដំណើរការអាជីវកម្មធម្មតាវិញ ដោយខ្លាចរាំងស្ទះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន កូនក្តីខ្ញុំបាទក៏បានយល់ព្រមប្រគល់សាច់ប្រាក់សុទ្ធឲ្យក្រុមលោក គឹម ជាតិ តាមតម្រូវការនៅល្ងាចថ្ងៃដដែល និងបង្គាប់ឱ្យអ្នកតំណាងក្រុមហ៊ុនផ្តិតមេដៃព្រមទទួលលើកិច្ចសន្យាស្នើសុំកែប្រែកំហុស ដោយលិខិតនោះពុំមានចុះលេខចេញរបស់លេខាធិការដ្ឋានជាផ្លូវការឡើយ។ ទើបតែពេលថ្មីៗនេះ ក្រុមហ៊ុនកូនក្តីខ្ញុំបាទ បានទទួលដំណឹងពីការប្រកាសរបស់ក្រសួងមហាផ្ទៃផ្សព្វផ្សាយឲ្យអ្នកដែលទទួលរងភាពអយុត្តិធម៌ដោយសារគណៈកម្មការនេះដាក់ពាក្យប្តឹងមកអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ»។
លិខិតមេធាវី អ៊ុច សុផាត្រា បានសំណូមពរស្នើសុំដល់អគ្គាធិការដ្ឋាន រួមមាន៖ ១.ស្នើសុំឲ្យលោក កឹម ជាតិ ប្រគល់ស្រាដែលរឹបអូសបាន៤៨ដប មកក្រុមហ៊ុនវិញ ២- ស្នើសុំលោក គឹម ជាតិ ប្រគល់ថវិកាចំនួន ១០ម៉ឺនដុល្លារដល់ក្រុមហ៊ុនវិញ និង៣-ស្នើសុំអគ្គាធិការ ចាត់វិធានការតាមផ្លូវច្បាប់ចំពោះលោក គឹម ជាតិ ដែលបានប្រព្រឹត្តខុសធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅ។
លិខិតដដែល បានស្នើអគ្គាធិការក្រសួងមហាផ្ទៃជួយអន្តរាគមន៍ និងចាត់វិធានការតាមផ្លូវច្បាប់ ស្របតាមចំណាត់ការ និងសកម្មភាពរបស់លោក គឹម ជាតិ នាពេលកន្លងមកដើម្បីផ្តល់យុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងកិត្តិយសជូនដល់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប៕