ឧកញ៉ា សុខ មុយលី នាយកប្រតិបត្តិក្រុមហ៊ុន ធីអិលអិល រៀល អ៊ីស្ទេត ឯ.ក. ដែលជាក្រុមហ៊ុន ទិញលក់ និង ជួលអចលនទ្រព្យ និងមានជំនួញផ្ទាល់ខ្លួនជាច្រើនទៀតនៅក្នុងដៃ។ មុននឹងឈានដល់មានជំនួញ នៅក្នុង ដៃមកទល់សព្វថ្ងៃនេះ ឧកញ៉ា សុខ មុយលី មានដុងរកស៊ីតាំងពីអាយុជាង១០ឆ្នាំមកម្ល៉េះ។
ឧកញ៉ា សុខ មុយលី មានស្រុកកំណើតនៅរាជធានីភ្នំពេញ និងជាកូនកំព្រាឪពុក រស់នៅជាមួយម្ដាយ ជា ស្រ្តីមេផ្ទះ និងបងស្រីបង្កើតដែលមានឈាមជ័រជាអ្នករកស៊ី។
ថ្លែងក្នុងបទសម្ភាសន៍មួយកាលពីថ្មីៗនេះ ឧកញ៉ា សុខ មុយលី បានលើកឡើងថា កាលពីនៅរៀន លោក មិនមែនជាសិស្សពូកែអ្វីនោះទេ កាយនៅក្នុងថ្នាក់ប៉ុន្តែខួរក្បាល ចិត្តគំនិត គិតដល់បងស្រីដែលធ្វើការហត់ មាន ចិត្តចង់ជួយរកលុយបង និងជួយគ្រួសារ។ ផ្ដើមគិតបន្តិចម្ដងៗ កុមារភាព ឧកញ៉ា សុខ មុយលី បានវិវត្តខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឱ្យលោកចេញរកលុយដោយខ្លួនឯង តាំងពីអាយុជាង១០ឆ្នាំ។
ការងារដំបូងដែលលោកឧកញ៉ា ធ្វើនាពេលនោះគឺធ្វើជាអ្នករត់លេខតាមភោជនីដ្ឋាន និង តាមហាងផ្សេងៗ។ បន្ទាប់មកលោកធ្វើជាអ្នកបោះដុំទូរស័ព្ទដៃនាំចូលពីចិន, ជាអ្នកគ្រប់គ្រងហាងម៉ូតូមួយកន្លែង នៅខេត្តស្វាយរៀង ក្រោយមកទៀតទើបលោកបោះជំហានប្រឡូកក្នុងវិស័យអចលនទ្រព្យ។
ធ្វើការក្នុងវិស័យអចលនទ្រព្យនេះ ដំបូងគឺឧកញ៉ា សុខ មុយលី បានចូលខ្លួនធ្វើការ ក្នុងក្រុមហ៊ុនល្បីៗជាច្រើន ក្នុង រាជធានី ភ្នំពេញ ដើម្បីសិក្សារៀនសូត្រពីវិស័យនេះ អស់ពេលជាច្រើនឆ្នាំ។ ស្ទាបស្ទង់ដឹងពីសមត្ថភាពគ្រប់គ្រាន់ អតីតក្មេងមានគំនិតរកស៊ីរូបនេះ មានមហិច្ឆតាបើកក្រុមហ៊ុនរកស៊ីដោយខ្លួនឯង ផ្ដើមពីដើមទុន១៥០០ដុល្លារ។
ចូលប្រឡូកក្នុងវិស័យអចលនទ្រព្យនៅកម្ពុជានេះ ឧកញ៉ា សុខ មុយលី មិនដែលគិតថាខ្លួនមានអាយុតិចនោះទេ ព្រោះក្រោយពីហែលកាត់បទពិសោធន៍រកស៊ីជាច្រើនឆ្នាំ លោកជឿជាក់លើសមត្ថភាពខ្លួនឯងថាអាចធ្វើបាន។
អ្នកជំនួញក្នុងវិស័យអចលនទ្រព្យរូបនេះ បានគូសបញ្ជាក់ថា «នៅពេលជួបបញ្ហាម្ដងៗ ខ្ញុំតែងប្រាប់ខ្លួនឯង ជានិច្ចថា ពេលជួបបញ្ហា ត្រូវតែព្យាយាមរកដំណោះស្រាយ ព្រោះគ្រប់បញ្ហាគឺជាគ្រូបង្រៀនដ៏ស្មោះត្រង់»។
សូមជម្រាបជូនថា បច្ចុប្បន្នឧកញ៉ា សុខ មុយលី ជាអ្នកជំនួញអចលនទ្រព្យដ៏មានសក្ដានុពលម្នាក់ ក្នុងប្រទេស កម្ពុជា។ បច្ចុប្បន្ន ឧកញ៉ាវ័យក្មេង សុខ មុយលី កំពុងកាន់តួនាទីជានាយកប្រតិបត្តិក្នុងក្រុមហ៊ុន ធីអិលអិល រៀល អ៊ីស្ទេត ឯ.ក. និងជាសមាជិកសភាពាណិជ្ជកម្ម កម្ពុជាផងដែរ។ ឧកញ៉ា សុខ មុយលី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្តី៕
អត្ថបទ៖ សុកធា