អ្នកឧកញ៉ា ហុង ពីវ ប្រមែប្រមូលប្រាក់ទិញផ្ទះបុរីពិភពថ្មីចូលវិញ បានជាង១ពាន់ផ្ទះ ត្រឹមរយៈពេល១ខែ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុនបុរីពិភពថ្មី របស់​អ្នកឧកញ៉ា ហុង ពីវ ​​បាន​ទិញ​ផ្ទះ​ចូលវិញ​បាន​​ជាង ១ពាន់​ផ្ទះ ដោយ​ចំណាយ​អស់​ទឹក​ប្រាក់​ប្រមាណ​ជិត ១២​លាន​ដុល្លារ ​ត្រឹម​រយៈពេល​មួយ​ខែ​ ដើម្បី​សម្រាល​ដល់​ការ​លំបាក​របស់​អតិថិជន​ ក្នុង​បរិបទ​វិបត្តិ​អចលនទ្រព្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រុមហ៊ុន បុរីពិភពថ្មី ​​​​បាន​បង្ហាញ​​ឱ្យ​ដឹង​ថា ​​​​គិត​​ចាប់ពី​​ថ្ងៃទី១ ដល់​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន​បាន​ទិញ​ផ្ទះ​ចូលវិញ​បាន​ចំនួន ១០០១​ផ្ទះ ចំណាយ​ប្រាក់​អស់​ប្រមាណ ១១,៧៧៣,៥១៥​ដុល្លារ​អាមេរិក។ ជាមួយ​គ្នា​នោះ ក្រុមហ៊ុន​ក៏​បាន​រៀបចំ​ឥណទាន​ឡើងវិញ ជូន​ដល់​អតិថិជន បាន​ចំនួន ៣៥​ផ្ទះ​ផង​ដែរ។

អ្នកឧកញ៉ា ហុង ពី ក៏​សូម​ថ្លែង​អំណរគុណ​ដល់​អតិថិជន​ដែល​បាន​យល់ និង​គាំទ្រ​លក្ខខណ្ឌ​ថ្មី​​របស់​ក្រុមហ៊ុន។ លោក​ធ្លាប់​បាន​បញ្ជាក់​ថា ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​ចំណូល​ធ្លាក់ចុះ​យ៉ាង​គំហុក ក៏​លោក​ខិតខំ​​ប្រឹងប្រែង​ប្រមែប្រមូល​ប្រាក់​ពី​គ្រប់​ផ្នែក​ ដើម្បី​យក​មក​ទប់ទល់​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​នេះ។

សូមជម្រាប​ថា កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនបុរីពិភពថ្មី របស់​អ្នកឧកញ៉ា ហុង ពីវ បាន​ប្រកាសទទួលទិញផ្ទះពីអតិថិជនវិញ ៥០% នៃប្រាក់ដែល​បាន​បង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) បន្ទាប់ពី​មានការតវ៉ាពីអតិថិជនជាច្រើនស្នើឱ្យក្រុមហ៊ុនទិញផ្ទះវិញ​ ដោយ​សារគ្មានលទ្ធភាពបង់សងបន្តទៀត​ ក្នុងគ្រា​ដែលមានបញ្ហាសេដ្ឋកិច្ចជាសកល៕