ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ ក្រោយឆ្លងកាត់វិបត្តិសេដ្ឋកិច្ចសកល៤ឆ្នាំ បានបង្រៀនយើងឱ្យចេះអត់ធ្មត់ និងចេះគ្រប់គ្រងហិរញ្ញវត្ថុ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក​ KW Cambodia និង​ជា​អគ្គនាយក បុរី វិមានសំណាង ​​យល់​ឃើញ​ថា នៅពេល​​យើង​បាន​​ឆ្លងកាត់​វិបត្តិសេដ្ឋកិច្ចសកល​រយៈពេល​៤ឆ្នាំ តាំងពី​ផ្ទុះ​ជំងឺ​កូវីដ-១៩ ចាប់ពី​ឆ្នាំ២០២០ ​​រួម​ជាមួយ​បញ្ហា​សង្គ្រាម​​រុស្ស៊ី-អ៊ុយក្រែន និង​សង្គ្រាម​​រវាង​អ៊ីស្រាអែល-ក្រុមហាម៉ាស រហូត​មក​ដល់​​ចុង​ឆ្នាំ២០២៣​នេះ ​បាន​បង្រៀន​​យើង​ឱ្យ​ចេះ​អត់ធ្មត់ និង​​ឱ្យ​ចេះ​គ្រប់គ្រងហិរញ្ញវត្ថុ ឬ​ការ​ប្រើប្រាស់​លុយ​ឱ្យ​បាន​ត្រឹម​ត្រូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា​បណ្ឌិត បាន​លើក​ឡើង​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធីចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀង​បើកសាខា KW ខេត្តកំពត (KW Kampot) កាលពី​ថ្ងៃសៅរ៍​ ទី៩ ខែធ្នូ ឆ្នាំ២០២៣ ថា​​មេរៀនដែល​យើង​បានឆ្លងកាត់ ហើយយើងកំពុងតែឆ្លងកាត់ ទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចសកល សង្គ្រាមសកល តាំងពីឆ្នាំ២០២០ ដល់​ចុងឆ្នាំ២០២៣ បានបង្រៀនមនុស្សយើង​នូវ​រឿង​២​យ៉ាង​គឺ​ ទី១)ត្រូវមានភាពអត់ធ្មត់ ព្រោះមាន​តែការ​អត់​ធ្មត់ទេ ទើបអាចឱ្យ​យើងឆ្លងកាត់រឿងលំបាកជាច្រើន និង ទី២)ធ្វើឱ្យ​យើងចេះគ្រប់គ្រងហិរញ្ញវត្ថុ ឬការប្រើ​ប្រាស់​លុយ»។

លោកឧកញ៉ា​ បាន​បញ្ជាក់​បន្ថែម​ថា៖ «យើងបានឆ្លងកាត់ដំណាក់កាលទី១ គឺពិបាករកលុយ ទី២ គឺពិបាកក្នុង​ការប្រើប្រាស់លុយ ឬគ្រប់គ្រងលុយ។ ខ្ញុំមើលឃើញ អ្នករកស៊ីភាគច្រើន ដែលបរាជ័យ ព្រោះគាត់ប្រើប្រាស់​លុយ​មិនចំគោលដៅ។ គ្រប់បណ្ដាក្រុមហ៊ុន ឬអាជីវកម្មធំៗ មិនថា ក្រុមហ៊ុនអចលនទ្រព្យ ឬក្រុមអភិវឌ្ឍន៍​លំនៅឋាន​ទេ អ្នកដែលនៅឈររឹងមាំបាន គឺជាអ្នកដែលពូកែរកលុយផង ហើយពូកែគ្រប់គ្រង និងប្រើប្រាស់លុយ​ឱ្យ​ចំ​គោលដៅផង។ ដូច្នេះ ៤ឆ្នាំនេះ បានបង្រៀនឱ្យ​យើងចេះអត់ធ្មត់ និងចេះគ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវ»។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង មើលឃើញសេដ្ឋកិច្ចជាតិ ពិសេសអាជីវកម្មលើវិស័យអចលនទ្រព្យ ហាក់មាន​ភាព​កម្រើកឡើងវិញ នៅចុងឆ្នាំនេះ ហើយលោក​សង្ឃឹមថានឹងមានការវិវឌ្ឍន៍កាន់តែប្រសើរ នាឆ្នាំ២០២៤-២០២៥ ខាងមុខ។ ​ជាមួយ​គ្នានេះ​​លោក​ឧកញ៉ា ក៏​ធ្លាប់​​បាន​សំណូមពរ​ឱ្យ​ផ្សព្វផ្សាយ​​​​ចំណុច​វិជ្ជមាន​ពី​កម្ពុជា​ឱ្យ​បាន​ច្រើន ​​មិន​ថា​ពាក់ព័ន្ធវិស័យអចលនទ្រព្យ ឬវិស័យអ្វីនោះទេ ត្រូវតែបង្កប់នូវគំនិតវិជ្ជមានជានិច្ច ព្រោះមានតែបុគ្គល​វិជ្ជមានប៉ុណ្ណោះ ដែលនិយាយរឿងវិជ្ជមាន ហើយទទួល​បានលទ្ធផលវិជ្ជមាន​ទាំង​ខ្លួន​ឯង និង​ប្រទេស​ជាតិ៕