យោងតាមការចុះផ្សាយពីសារព័ត៌មាន Vietnamplus បានបង្ហាញថា វៀតណាមកំពុងក្លាយជាគោលដៅដ៏ពេញនិយមបំផុត ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារកំណើនសេដ្ឋកិច្ចដ៏ជឿនលឿន និងឱកាសដ៏ច្រើនសន្ធឹក។
ប្រភពដដែលបន្ថែមថា វៀតណាមគឺកំពុងបង្ហាញពីសក្ដានុពលដ៏ខ្លាំង នៅក្នុងទីផ្សារពាណិជ្ជកម្មសកលលោក ដោយសារតែអត្ថប្រយោជន៍ជាច្រើនដែលប្រទេសនៅតំបន់អាស៊ានមួយនេះ បានផ្ដល់ជូនដល់ក្រុមវិនិយោគិន។
ជំនួសឲ្យការពឹងផ្អែកលើកត្តាពីខាងក្រៅដូចជា ស្ថានភាពទីផ្សារសកលលោក តម្រូវការបរទេស និងគោលនយោបាយពាណិជ្ជកម្មផ្សេងៗ វៀតណាមបានរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចតម្រង់ទិសក្នុងស្រុក ដែលនាំអត្ថប្រយោជន៍ជាច្រើនដល់ប្រទេស ដែលធ្លាប់តែចាត់ទុកការនាំចេញ ជាចលនាសំខាន់នៃកំណើនសេដ្ឋកិច្ច។
កំណើនសេដ្ឋកិច្ច ដែលជំរុញដោយតម្រូវការក្នុងស្រុក គឺតែងតែមានស្ថិរភាពជាង ដោយសារមិនសូវរងផលប៉ះពាល់ពីទីផ្សារអន្តរជាតិ និងភាពតានតឹងនៃគោលនយោបាយបរទេស ដូច្នេះហើយទើបក្រុមវិនិយោគិនជាច្រើន បង្ហាញចំណាប់អារម្មណ៍ទៅលើការបណ្ដាក់ទុននៅវៀតណាមកាន់តែខ្លាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
រំលឹកបន្តិចថា គិតតាំងពីដើមឆ្នាំ២០២៣ រហូតដល់ខែតុលា វៀតណាមទទួលបានការបណ្ដាក់ទុនពីបរទេស សរុបជាទឹកប្រាក់ប្រហែល ២៥,៧៦ពាន់លានដុល្លារ ខណៈការបណ្ដាក់ភាគច្រើន គឺផ្ដោតទៅលើការសាងសង់រោងចក្រជាច្រើន៕