ណែនាំឲ្យស្គាល់កំពូលស្ត្រីមានទ្រព្យសម្បត្តិច្រើនបំផុតទាំង៥ នៅប្រទេសថៃ

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Nation ក្នុងពេលថ្មីៗនេះ បានបង្ហាញពីឈ្មោះកំពូលស្ត្រីដែលមានបំផុតទាំង៥ របស់ប្រទេសថៃ ដោយត្រូវបានវាយតម្លៃតាមរយ:ផលប័ត្រវិនិយោគរបស់ពួកគេ ដូចជានៅក្នុងទីផ្សារ និងការវិនិយោគនានា ក្នុងឆ្នាំ ២០២៣ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌តមានថៃ The Nation បានធ្វើការបង្ហាញពីឈ្មោះមហាសេដ្ឋីដែលជាស្រ្តីទាំង៥ រូបរបស់ថៃនោះ ដូចខាងក្រោម៖

១. លោកស្រី Daonapa Petampai

លោកស្រី Daonapa Petampaiគឺជាស្ថាបនិកនៃក្រុមហ៊ុន Muangthai Capital Plc (MTC) ដែលពីមុនមកជាអតីតក្រុមហ៊ុន Muangthai Leasing ដោយជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចីឈានមុខគេទៅលើរថយន្ត និងកម្ចីផ្ទាល់ខ្លួន។ លោកស្រី Daonapa និងស្វាមី Chuchat ត្រូវដាក់ចំណាត់ថ្នាក់ជាគ្រួសារមានបំផុតទី២១ របស់ប្រទេសថៃ ដោយទស្សនាវដ្តី Forbes ក្នុងឆ្នាំ ២០២៣ នេះ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១,៧៥ពាន់លានដុល្លារអាមេរិក។

២. លោកស្រី Poramaporn Prasarttong-Osoth

សម្រាប់ចំណាត់ថ្នាក់ទីពីរនេះ ត្រូវបានធ្លាក់ទៅលើលោកស្រីវេជ្ជបណ្ឌិត Poramaporn Prasarttong-Osoth ដែលជាកូនស្រីរបស់លោកវេជ្ជបណ្ឌិត Prasert Prasarttong-Osoth គឺជាអ្នកវិនិយោគភាគហ៊ុនដ៏មានបំផុតរបស់ប្រទេសថៃ និងជាម្ចាស់បណ្តាញមន្ទីរពេទ្យ Bangkok Dusit Medical Services (BDMS) ។ បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោកស្រី Poramaporn ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២៥,៦ពាន់លានបាត ឬប្រមាណ ៧១៨លានដុល្លារ។

៣. លោកស្រី Jareeporn Jarukornsakul

លោកស្រី Jareeporn Jarukornsakul គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ និងសេវាកម្មហេដ្ឋារចនាសម្ព័ន្ធ WHA Corporation Pcl។ លោកស្រី Jareeporn ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជីស្រ្តីមានបំផុតរបស់ប្រទេសថៃ ជាមួយទ្រព្យសម្បត្តិសរុប ១៨,៧៤ពាន់លានបាត ឬប្រមាណ ៥២៥លានដុល្លារ។

៤. លោកស្រី Nutchamai Thanombooncharoen

លោកស្រី Nutchamai Thanombooncharoen គឺជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Carabao Group (CBG) ដែលល្បីល្បាញខាងភេសជ្ជៈប៉ូវកម្លាំង Carabao Dang ។ លោកស្រី Nutchamai ជាប់ចំណាត់ថ្នាក់ទី៣៨ ក្នុងបញ្ជីអ្នកមានបំផុតទាំង៥០ របស់ប្រទេសថៃឆ្នាំ ២០២៣ របស់ទស្សនាវដ្តី Forbes និងជាប់លេខ៤ ក្នុងចំណោមស្រ្តីមានបំផុតរបស់ថៃ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ២៨០លានដុល្លារអាមេរិក។

៥. លោកស្រី Thida Kaewbootta

លោកស្រី Thida Kaewbootta បច្ចុប្បន្នបម្រើការជានាយកយុទ្ធសាស្រ្តរបស់ Srisawad Corp Pcl ដែលជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចីផ្ទាល់ខ្លួន និងត្រូវបានបង្កើតឡើងដោយឪពុកម្តាយរបស់លោកស្រីផ្ទាល់តែម្តង។ ចំពោះទ្រព្យសម្បត្តិសរុបរបស់លោកស្រី Thida វិញ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៨,៨៧ពាន់លានបាត ឬ ២៤៨លានដុល្លារ៕