ឱនភាពថវិការបស់អ៊ីស្រាអែលកើនឡើងខ្លាំង ដោយសារការចំណាយក្នុងសង្គ្រាម

អន្តរជាតិ

យោងតាមក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បានបង្ហាញឲ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា ឱនភាពថវិកាក្នុងប្រទេសរបស់ខ្លួន បានកើនឡើងដល់ចំនួន ១៦,៦ពាន់លានស៊ីគែល (Shekel) ឬប្រមាណ ៤,៥ពាន់លានដុល្លារ គិតនៅក្នុងខែវិច្ឆិកា ដោយសារតែការចំណាយកើនឡើងខ្លាំង នៅក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស ក្នុងតំបន់កាហ្សាស្រ្ទីប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ទៀតថា ដោយគិតជាភាគរយនៃ GDP ឱនភាពថវិកាក្នុងរយ:ពេល ១២ខែកន្លងទៅ គិតមកទល់ខែវិច្ឆិកាឆ្នាំនេះ បានកើនឡើងដល់ ៣,៤% ដល់ចំនួន ៦២,៣ពាន់លាន shekel ។

ទន្ទឹមនឹងនេះ ប្រភពពីក្រសួងហិរញ្ញវត្ថុ បាននិយាយទៀតថា ឱនភាពថវិកាសម្រាប់ឆ្នាំ ២០២៣ នេះ នឹងបញ្ចប់ទៅប្រហែល ៤% នៃផលិតផលក្នុងស្រុកសរុប ពោលគឺនឹងលើសពីគោលដៅរំពឹងទុកចំនួន ០,៩% ឬប្រហែលតែ ១៦,៩ពាន់លានដុល្លារ ក្នុងថវិកាដែលត្រូវបានអនុម័តដោយសមាជិកសភា កាលពីខែឧសភាកន្លងទៅ។

មិនតែប៉ុណ្ណោះក្រសួង ក៏បានកត់សម្គាល់ទៀតថា ប្រាក់ចំណូលសរុបរបស់អ៊ីស្រាអែលបានធ្លាក់ចុះ ១៥,៦% កាលពីខែមុន ដោយសារតែការ​ពន្យារ​ពន្ធដែលបណ្តាលមកពីបញ្ហាសង្គ្រាមដែលត្រូវបានចាប់ផ្តើមឡើងនៅថ្ងៃទី៧ ខែតុលាមមក។

គួរឲ្យដឹងផងដែរថា ប្រាក់ចំណូលប្រចាំខែវិច្ឆិកាមានចំនួនត្រឹម ៣០,៣ពាន់លានដុល្លាប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតប្រចាំខែ ក្នុងឆ្នាំ ២០២៣នេះ។ ហើយសម្រាប់រយៈពេល ១១ ខែដំបូងនៃឆ្នាំនេះវិញ ប្រាក់ចំណូលសរុបទទួលបាន ៤០១,៥ពាន់លានដុល្លា ពោលគឺទាបជាង ៦,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សរុបជារួមមក ចំពោះបញ្ហាសង្រ្គាមត្រូវបានគេរំពឹងថានឹងបន្តទាញទម្លាក់កំណើនសេដ្ឋកិច្ចរបស់អ៊ីស្រាអែលទាំងនៅក្នុងឆ្នាំ ២០២៣នេះ និង ២០២៤ ខាងមុខ ខណ:ពេលដែលក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលអ៊ីស្រាអែល បានព្យាករថាមានកំណើនសេដ្ឋកិច្ចត្រឹមតែ ២% ប៉ុណ្ណោះនៅឆ្នាំនេះ និងពី ១,៦% ទៅ ២% នៅឆ្នាំ ២០២៤៕