អ្នកឧកញ៉ា លឹម ហេង ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយ សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នាទីក្រុងហាណូយ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសវៀតណាម រយៈពេលពីរថ្ងៃ ចាប់ពីទី១១ ដល់ទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ។

បើតាមសភាពាណិជ្ជកម្មកម្ពុជា គោលបំណងសំខាន់នៃអនុស្សរណៈយោគយល់នេះ គឺដើម្បីជួយជំរុញ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរតាមរយៈការផ្លាស់ប្តូរ ព័ត៌មាន និងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នា ដូចជា ពិព័រណ៍ពាណិជ្ជកម្ម វេទិកាធុរកិច្ច ទស្សនកិច្ចធុរកិច្ច និងសិក្ខា សាលា ជាដើម។

សូមបញ្ជាក់ថា សភាពាណិជ្ជកម្មទាំងពីរ នឹងជួបពិភាក្សាគ្នាជាទៀងទាត់ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងទស្សនៈ អំពីការពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច។

តាម​ទិន្ន​ន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា វៀតណាម​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា ក្នុងចំណោម​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​គ្របដណ្ដប់​ជិត​ ៥០​ភាគរយ​នៃ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត នៅ​ឆមាស​ទី​១ ឆ្នាំ​ ២០២៣។ក្នុងនោះ កម្ពុជាបាន​នាំ​ចេញទៅ​វៀត​​ណា​ម ក្នុង​ទំហំ​ទឹកប្រាក់ជាង​ ១ ៤២៩ លាន​ដុល្លារ កើន​ឡើង​ជិត​ ២២ ​ភាគរយ ខណៈដែល​កម្ពុជានាំចូល​ពី​វៀត​ណា​ម​មកវិញ​មាន​ទំហំ​ទឹក​ប្រា​ក់ជាង​ ១ ៨៧២ ​លាន​ដុល្លារ ថយចុះ​ជាង ​១០​ ភាគ​រយ បើ​ធៀប​នឹង​ឆមាស​ទី​១ ក្នុង​ឆ្នាំ​ ២០២២​៕