សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ហ៊ុច នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ ។
សីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ហ៊ុច ដែលត្រូវជាម្តាយបង្កើតរបស់ អ្នកឧកញ៉ា ឈុន លាង បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៩៖១៨នាទីព្រឹក ក្នុងជន្មាយុ ៩១ឆ្នាំ។
មរណភាពរបស់សីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ហ៊ុច គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនក្មេក និងជីដូនទួត ជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ នៃកូន ចៅ និង ចៅទូតទាំងអស់ ។ ទន្ទឹមនឹងនេះ ក៏ជាការបាត់បង់ នូវពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង ដែលបានបូជាកម្លាំងកាយចិត្ត និងធនធាន ពេលវេលា ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកទុក្ខជាមួយ អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំ អាង ព្រមទាំងក្រុមគ្រួសារ ដោយក្តីសោកសង្រេង និងអាឡោះអាល័យជាទីបំផុត និងបានឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធរបស់សីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ហ៊ុចបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
សពសីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ហ៊ុច ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៃព្រះពុទ្ធសាសនានៅភូមិគ្រឹះលេខ១៩៩ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕