ឥណ្ឌូនេស៊ីដាក់គោលដៅទទួលបានការវិនិយោគជាង មួយរយពាន់លានដុល្លារនាឆ្នាំក្រោយ 

អន្តរជាតិ

រដ្ឋមន្ត្រីវិនិយោគឥណ្ឌូនេស៊ីលោក Bahlil Lahadalia បាននិយាយថា គោលនយោបាយ Downstreaming  រួមទាំងវិស័យដែលអនុវត្តគោលការណ៍និរន្តរភាព គឺជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅវិនិយោគរបស់ឥណ្ឌូនេស៊ីចំនួន ១០៥,៦៧ ពាន់លានដុល្លារ នាក្នុងឆ្នាំ ២០២៤ ខាងមុខ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Antara ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Bahlil Lahadalia បានកត់សម្គាល់ឃើញថា នេះគឺជាទិសដៅគោលនយោបាយក្នុងការជំរុញកំណើនសេដ្ឋកិច្ចឲ្យលើសពី ៥%។ ម្យ៉ាងវិញទៀត បើទោះបីជាស្ថានភាពបច្ចុប្បន្នរបស់សកលលោក ស្ថិតក្នុងភាពមិនប្រាកដប្រជា ដែលបាននឹងកំពុងជះឥទ្ធិពលលើការសម្រេចចិត្តវិនិយោគក៏ដោយ ឥណ្ឌូនេស៊ីក៏នៅតែមានយុទ្ធសាស្ត្រដើម្បីអាចប្រកួតប្រជែងជាសកលទាក់ទាញការវិនិយោគបានផងដែរ។  

លោកបានកត់សម្គាល់ទៀតថា សក្ដានុពលភូមិសាស្ត្រនយោបាយដែលមានស្រាប់បានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច និងវិបត្តិនៅក្នុងផ្នែកផ្សេងៗនៃពិភពលោក។ ដូច្នេះហើយ ការវិនិយោគប្រកបដោយនិរន្តរភាព ដែលអាចជំរុញឱ្យមានការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន ស្មើភាព និងសមធម៌ គឺជាការចាំបាច់។  

រដ្ឋមន្ត្រីរួបនេះបានធានាថា ខ្លួននឹងត្រួតពិនិត្យលើការវិនិយោគ ជាពិសេសក្នុងវិស័យអាទិភាព ចាប់ពីការជំរុញការវិនិយោគ ការចេញអាជ្ញាប័ណ្ណអាជីវកម្ម ការលើកទឹកចិត្តផ្សេងៗ ការបិទបញ្ជីរបាយការណ៍ហិរញ្ញវត្ថុ ការសាងសង់់់ រហូតដល់ផលិតកម្មពាណិជ្ជកម្មផងដែរ។  

លោកបានបញ្ជាក់ថា ក្រសួងវិនិយោគបានបង្កើតផែនការយុទ្ធសាស្ត្រ ដែលមានសក្តានុពលចំនួន ៥៤៥,៣ ពាន់លានដុល្លារអាមេរិក នៅក្នុងអំឡុងឆ្នាំ ២០២៣ ដល់ ២០៣៥ សម្រាប់ទំនិញចំនួន ២១ មុខពីវិស័យអាទិភាពចំនួនប្រាំបីដែលរួមមានរ៉ែ ធ្យូងថ្ម ប្រេង ឧស្ម័នធម្មជាតិ ចំការ ជលផល សមុទ្រ និងព្រៃឈើ។  

ជម្រាបផងដែរថា ចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំ ២០២៣ ក្រសួងវិនិយោគបានកត់ត្រាពីការសម្រេចបាននូវការវិនិយោគក្នុងវិស័យឧស្សាហកម្មបានឈានដល់ប្រហែល ១៧,០៣ ពាន់លានដុល្លារអាមេរិក ឬ ២៥,៣%នៃការសម្រេចបាននូវការវិនិយោគសរុបប្រហែល ៦៧,៤៣ ពាន់លានដុល្លារអាមេរិក៕