ឧកញ៉ា ទ្រី ដាណា នាំយកអំណោយនិងសម្ភារៈសិក្សាប្រគល់ជូនកុមារកំព្រា «វិសាខានៃក្តីសង្ឃឹម»

ជុំវិញ​ឧកញ៉ា

លោកស្រីឧកញ៉ា ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី​ ​​និង​ស្វាមី​លោក រស់ រាជ្ជសាល ​​កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ​បាននាំយកអំណោយ​និងសម្ភារៈសិក្សាមួយចំនួន​ទៅ​ប្រគល់​ជូន​កុមារកំព្រា «វិសាខានៃក្តីសង្ឃឹមវត្តខ្ជាស់» ស្ថិតនៅក្នុងភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ​មានជ័យ ក្នុងបរិវេណវត្តប្រាសាទស្រះកណ្តាល ហៅវត្តខ្ចាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មជ្ឈមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា និង​លោកស្រី​ឧកញ៉ា​ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ​​បន្ទាប់ពី​មើលឃើញពីទុក្ខលំបាក ពិសេសការមិនបាន​សិក្សារៀន​សូត្រ ឬរៀនសូត្រដែរ តែមិនដិតដល់របស់កុមារកំព្រា ដែលត្រូវបានឪពុកម្តាយ ស្លាប់ចោល ឬបោះបង់ចោល ឬផ្ញើ​នឹងជីដូនជីតាចាស់ជរាគ្មានទីពឹង សាច់ញាតិ ឬក៏អ្នកដទៃ ដោយសារតែការលែងលះគ្នា ឬភាពក្រីក្រ ចំណាកស្រុកជាដើម។ ​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា ធ្លាប់​បាន​បញ្ជាក់​ថា ការ​សាងសង់មជ្ឈមណ្ឌល​កុមារ​កំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ដើម្បីទទួលយកក្មួយៗទាំងនោះ មកស្នាក់នៅ និងរៀនសូត្រក្នុងមណ្ឌល សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍធនធានមនុស្ស​នៅ​កម្ពុជា។

មជ្ឈមណ្ឌលកុមារកំព្រា វិសាខា​នៃក្តីសង្ឃឹមវត្តខ្ចាស់ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ចំនួន ១ហិកតា មានបណ្តោយ​ប្រវែង ៧០ម៉ែត្រ និងទទឹង​ប្រវែង ៦០ម៉ែត្រ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ និងរួចរាល់​ជាស្ថាពរនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដោយចំណាយអស់ថវិកាចំនួន ៧០០ ០០០​(ចិតសិបម៉ឺន)​ ដុល្លារ​សហរដ្ឋអាមេរិក និងត្រូវដាក់សម្ពោធឱ្យ​ប្រើប្រាស់ជាផ្លូវការ នៅចុងខែឧសភា ឆ្នាំ២០២៣។

សូម​ជម្រាប​ថា លោកស្រី​ឧកញ៉ា ទ្រី ដាណា តែងតែចុះ​​ជួយដល់ប្រជាពលរដ្ឋ ដែលងាយរង​គ្រោះគ្រប់​រូបភាព​ដល់លំនៅឋានផ្ទាល់ ដែលមានជាថវិកា និងសម្ភារៈផ្សេងៗ​​ ជាពិសេសគឺបានចូលរួមជួយសង្គម តាម​សកម្មភាព​​ការ​បរិច្ចាគ​ផ្សេងៗ​ទៀត។ ជាក់ស្តែង កាលពី​ថ្ងៃទី២១ ខែ​វិច្ឆិកា​ ឆ្នាំ២០២៣​ លោកស្រី​ឧកញ៉ា និង​ស្វាមី ក៏​បាន​នាំ​យក​ថវិកា​ចំនួន ១​ម៉ឺន​ដុល្លារ​​អាមេរិក ​ប្រគល់​ជូន​ដល់​កាក​បាទក្រហម​កម្ពុជា នៅទីស្នាក់ការកណ្ដាល​កាកបាទ​ក្រហម​កម្ពុជា​ផង​ដែរ។ តាមរយៈ​សកម្មភាព​ជួយ​សង្គម​ជាហូរហែ​ ម្ចាស់​ហាងពេជ្រ ដាណាទ្រី ​​រូប​នេះ ត្រូវ​បាន​ព្រះមហាក្សត្រ ​​ត្រាស់បង្គាប់​ផ្តល់​​គោរមងារ «ឧកញ៉ា» កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២៕