កាលពីថ្ងៃទី១២ ខែធ្នូ រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសពីការបង្កើតការិយាល័យថ្មីមួយ ដែលត្រូវបានដាក់ឈ្មោះថា ការិយាល័យអនុវត្តទណ្ឌកម្មពាណិជ្ជកម្ម (OTSI) ដើម្បីបង្កើនសមត្ថភាព ក្នុងការដោះស្រាយជាមួយក្រុមហ៊ុន ដែលគេចវែសពីការដាក់ទណ្ឌកម្ម ប្រឆាំងជាមួយរុស្ស៊ី។
យោងតាមការចុះផ្សាយពីសារព័ត៌មាន RT បានបង្ហាញថា OTSI នឹងមានភារកិច្ចក្នុងការអនុវត្តច្បាប់ស៊ីវិល ស៊ើបអង្កេតការបំពានដែលអាចកើតមាន ការដាក់ទណ្ឌកម្ម និងសម្របសម្រួលការអនុលោមតាមទណ្ឌកម្ម សម្រាប់ជនជាតិអង់គ្លេស ឬក្រុមហ៊ុនបានចុះបញ្ជី ដែលមានសក្តានុពលអាចគេចផុតពីទណ្ឌកម្មតាមរយៈប្រទេសផ្សេងៗ។
រំលឹកបន្តិចថា កន្លងមក អង់គ្លេសតែងតែព្យាយាមដាក់គំនាបលើប្រទេសរុស្ស៊ីជាខ្លាំង តួយ៉ាងកាលពីពេលថ្មីៗ រដ្ឋមន្ត្រីការបរទេស David Cameron បានបង្ហើបថា អង់គ្លេសមានបំណងប្រើប្រាស់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ី ដែលកំពុងបង្កកនៅអង់គ្លេស ដើម្បីជួយដល់ប្រទេសអ៊ុយក្រែនក្នុងការកសាងប្រទេសវិញ។
ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសរូបនេះលើបណ្ដាញសង្គម បានធ្វើឲ្យមហាជនមានប្រតិកម្មជាខ្លាំង ដោយចាត់ទុកទង្វើនេះថា ជាការលួច និងកេងប្រវ័ញ្ចញើសឈាមរបស់ក្រុមមហាសេដ្ឋីទាំងនោះ៕