ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ដែលជាដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសនៅតំបន់អាស៊ានមួយនេះ ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា មេដឹកនាំកំពូលចិន នឹងមានជំនួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់រដ្ឋាភិបាលវៀតណាម ដោយក្នុងនោះក៏រួមមានទាំងប្រធានរដ្ឋ លោក Vo Van Thuong នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជាដើម។
ប្រភពដដែលបន្ថែមថា លោក ស៊ី នឹងធ្វើដំណើរទៅដល់ទីក្រុងហាណូយ នាពេលរសៀលថ្ងៃទី១២ ខែធ្នូ រដ្ឋាភិបាលវៀតណាម នឹងរៀបចំបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ដោយត្រៀមរៀបចំក្បួនកាំភ្លើង ២១ដើម ត្រៀមទទួលមេដឹកនាំចិន។
រដ្ឋាភិបាលវៀតណាមក៏បានគួសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី នាពេលនេះ នឹងបង្កើតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំង២ ឲ្យកាន់តែមានភាពរឹងមាំថែមទៀត៕