កាន់តំណែងបានមួយឆ្នាំ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រុះរើគណៈរដ្ឋមន្ត្រីចេញជាច្រើនរូប

អន្តរជាតិ

នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើការផ្លាស់ប្តូររដ្ឋមន្ត្រីជាច្រើនរូបរួមមាន រដ្ឋមន្ត្រីការបរទេស ការពារជាតិ និងថាមពល ក៏ដូចជាការតែងតាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុទីពីរ ខណៈដែលលោកកំពុងកសាងទំនុកចិត្តឡើងវិញ បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្ត្រីបានមួយឆ្នាំ។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន CNA បានចុះផ្សាយថា នៅក្នុងចំណោមការផ្លាស់ប្តូរជាច្រើន លោក អាន់វ៉ា បានតែងតាំងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មដំណាំំ និងទំនិញម៉ាឡេស៊ីថ្មី ហើយក៏បានផ្លាស់ប្តូរឧបនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាចលោក Fadillah Yusof ទៅកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងផ្លាស់ប្តូរថាមពល និងប្រើប្រាស់សាធារណៈវិញ។ 

មួយវិញទៀត លោកក៏បានផ្លាស់ប្តូរលោក Mohamad Hasan ដែលជាអនុប្រធានគណបក្ស United Malay National Organisation (UMNO) ពីរដ្ឋមន្ត្រីការពារជាតិ ទៅជារដ្ឋមន្ត្រីការបរទេសផងដែរ។ 

មិនត្រឹមតែប៉ុណ្ណោះ លោក Anwar ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរនោះ បានតែងតាំងលោក Amir Hamzah Azizan ដែលជានាយកប្រតិបត្តិនៃមូលនិធិសោធននិវត្តន៍ដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ី ទៅកាន់មុខតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុទីពីរ។ 

ម្យ៉ាងវិញទៀត នាយករដ្ឋមន្ត្រីរូបនេះ បានប្រាប់សន្និសីទសារព័ត៌មានតាមរយៈកញ្ចក់ទូរទស្សន៍ថា៖ ក្រសួងហិរញ្ញវត្ថុ ក្រៅពីត្រូវបានដឹកនាំដោយខ្ញុំ ត្រូវតែមានក្រុមដែលមានជំនាញវិជ្ជាជីវៈដ៏រឹងមាំ ដើម្បីធានាថាយើងកំពុងដើរលើផ្លូវត្រូវ និងផ្តោតលើសេដ្ឋកិច្ច។ 

គួរជម្រាបផងដែរថា លោក Anwar បានមើលឃើញអំពីការធ្លាក់ចុះនៅក្នុងការស្ទង់មតិជាសាធារណៈក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចំពេលមានការព្រួយបារម្ភអំពីសេដ្ឋកិច្ច និងអតិផរណា ក៏ដូចជាការធ្វើកំណែទម្រង់នយោបាយដែលលោកបានសន្យា ស្ថិតក្នុងល្បឿនមួយដ៏យឺតនៅឡើយ៕