នាវាខ្នាតយក្ស​ Westerdam របស់អាមេរិកនឹងដឹកអ្នកដំណើរសរុប ៣៥០០នាក់មកទស្សនាខេត្តព្រះសីហនុ​

សង្គម​ និង​សេដ្ឋកិច្ច

នាវាទេសចរណ៍ខ្នាតយក្សរបស់អាម៉េរិកមួយគ្រឿងឈ្មោះ Westerdam នឹងដឹកអ្នកដំណើរសរុបប្រមាណ ៣៥០០នាក់មកទស្សនានៅកម្ពុជាដោយចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាចុងខែធ្នូខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីរៀបចំការភ្ញៀវទេសចរណ៍របស់វានាខ្នាតយក្សនេះ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បើកកិច្ចប្រជុំផ្នែកពាក់ព័ន្ធត្រៀមរៀបចំទទួលការមកដល់របស់នាវាទេសចរណ៍ WESTERDAM ដែលនឹងមកដល់ខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ និងមានអ្នកដំណើរសរុបប្រមាណ ៣៥០០នាក់។

សូមជម្រាបជូនថា នាវា​ Westerdam ធ្លាប់បានចូលចតនៅ​កម្ពុជាម្តងមកហើយ កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដោយ​ផ្ទុក​អ្នកដំណើរ ១៤៥៥នាក់ និង​សមាជិក​នាវិក ៨០២នាក់ បន្ទាប់ពីប្រទេសមួយចំនួនមិនឲ្យអនុញ្ញាតិឲ្យចូលចត ដោយសារតែការភ័យខ្លាចពីការឆ្លងជំងឺកូវីដ-១៩ ទោះបីជានាវានោះអះអាងថា​មិនមានអ្នក​ដំណើរ​ណា​មួយមានឆ្លងជំងឺនេះក៏ដោយ ដែលធ្វើឱ្យនាវាប្រឈមនឹងការខ្វះស្បៀង ទឹក និងប្រេង។

ការមកដល់របស់ភ្ញៀវទេសចរណ៍នាវា Westerdam នៅពេលនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ដែលបានតែលតោលនៅលើសមុទ្រ អស់រយៈពេលពីរសប្តាហ៍កន្លងមក ដោយសារប្រទេសមួយចំនួន មិនអនុញ្ញាតឱ្យចូលចត។

ការអនុញ្ញាតឱ្យនាវា Westerdam ដែលមានអ្នកទេសចរ ១,៤៥៥នាក់ និងសហនាវិក ៨០២នាក់ទៀតចូលចតនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីនាពេលនោះទទួលការស្ញប់ស្ញែង និងវាយតម្លៃខ្ពស់បំផុតពីអ្នកដំណើរនៅលើនាវា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងបណ្តាប្រទេស ដែលមានជនជាតិខ្លួននៅលើនាវា និងមេដឹកនាំអង្គការអន្តរជាតិជាច្រើនផ្សេងទៀត។

ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយសង្គ្រោះមនុស្សលើនាវានេះ នាំឱ្យមនុស្សជាតិលើពិភពលោក បានកោតសរសើរកម្ពុជាថា ជាជាតិសាសន៍មួយពោរពេញដោយបេះដូងមនុស្សធម៌ «កម្ពុជាជាប្រទេសតូច តែបេះដូងធំ»