ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់កូរ៉េខាងត្បូង Hyundai Motor និងក្រុមហ៊ុន Kia Corp គ្រោងនឹងប្រកាសការនាំចេញរថយន្តសរុបរបស់ខ្លួន ចំនួនពីរលានគ្រឿងនៅឆ្នាំ ២០២៣ ដែលជាសញ្ញានៃការងើបឡើងវិញនៅក្នុងទីផ្សារ ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ ។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន Borneo Bulletin ។
សមាគមរថយន្តកូរ៉េបានថ្លែងថា នៅក្នុងអំឡុងខែមករា ដល់ខែតុលា ក្រុមហ៊ុន Hyundai បាននាំចេញរថយន្តប្រមាណ ៩៤៥ ០៦២ គ្រឿង ស្របពេលដែលក្រុមហ៊ុនផលិតរថយន្ត Kia បាននាំចេញរថយន្តប្រមាណ ៨៦៧ ១៣៦ គ្រឿងផងដែរ។
យ៉ាងណាមិញ ទិន្នន័យនៃតួលេខរួមបញ្ចូលគ្នានៃក្រុមហ៊ុនទាំងពីរ បានជំរុញឲ្យមានការកើនឡើង ១៧,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីក្នុងឆ្នាំ ២០២២ ។ ម្យ៉ាងវិញទៀត ទិន្នន័យក៏បានបង្ហាញទៀតផងដែរថា នៅរយៈពេលដូចគ្នានេះ តម្លៃនៃការនាំចេញសរុបរួមគ្នាក៏បានឈានដល់ ៤៣,៩ ពាន់លានដុល្លារ ខណៈឯការនាំចេញរួមគ្នាកាលពីឆ្នាំមុនវិញ មានតម្លៃប្រមាណ ៤១,៥ ពាន់លានដុល្លារ។
មិនត្រឹមតែប៉ុណ្ណោះ តាមរយៈការមើលឃើញអំពីសន្ទស្សន៍ លើការនាំចេញប្រចាំខែចំនួន ១៨ម៉ឺនគ្រឿង របស់ក្រុមហ៊ុនផលិតរថយន្តទាំងពីរ មន្ត្រីឧស្សាហកម្មរំពឹងថាការលក់នៅក្រៅប្រទេសសម្រាប់ឆ្នាំ ២០២៣ នឹងមានចំនួនលើសពី ២លានគ្រឿង។
ដោយឡែក មន្ត្រីរបស់ក្រុមហ៊ុន Hyundai Motor Group បាននិយាយថា៖ ការកើនឡើងនៃការនាំចេញនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុនបានពង្រីកសមត្ថភាពផលិតកម្មក្នុងស្រុក ដើម្បីដោះស្រាយការកើនឡើងនៃតម្រូវការរថយន្ត ដែលមិនប៉ះពាល់ដល់បរិស្ថាននៅជុំវិញពិភពលោក៕