កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ២០ពាន់លានដុល្លារ

អន្តរជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានធ្វើការបេ្តជ្ញាចិត្តថានឹងខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងដល់ ២០ពាន់លានដុល្លារ នៅក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម ស្របពេលនាយករដ្ឋមន្ត្រីលោក Pham បានធ្វើការសង្កត់ធ្ងន់លើគោលនយោបាយវៀតណាម ក្នុងការផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសជិតខាង ក៏ដូចជាមិត្តភាពប្រពៃណី រួមជាមួយនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាព និងភាពយូរអង្វែង។

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ដំណើរទស្សនៈកិច្ចនេះគឺមានគោលបំណងរក្សានូវប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ និងដើម្បីលើកកម្ពស់ភាពជាដៃគូទ្វេភាគីឱ្យឡើងទៅកាន់កម្រិតថ្មីមួយទៀត។

ដោយឡែក ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានយល់ព្រមគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដែលត្រូវបានរួមបញ្ចូលយ៉ាងស៊ីជម្រៅជាមួយពិភពលោក។

វៀតណាម និងកម្ពុជា បានធ្វើការប្តេជ្ញាទៀតថានឹងពង្រឹងទំនាក់ទំនងរវាងសេដ្ឋកិច្ចប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្មទ្វេភាគី ជាពិសេសពាណិជ្ជកម្មតាមព្រំដែន និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច នៅតាមតំបន់ព្រំដែន។

បន្ថែមពីលើនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម ក៏សន្យាថានឹងខិតខំសម្រេចឲ្យបាននូវសមិទ្ធិផលពាណិជ្ជកម្មទ្វេភាគីថ្មី ឲ្យដល់ចំនួន ២០ពាន់លានដុល្លារ ក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ ហើយក៏បានយល់ព្រមក្នុងការលើកទឹកចិត្ត និងសម្របសម្រួលការវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងប្រទេសទាំងពីរ ផងដែរ៕