យោងតាមរបាយការណ៍ថ្មីចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា វៀតណាមត្រូវបានចាត់ទុកថាជាប្រទេសដែលមានចំនួនអ្នកមានកើនឡើងលឿនខ្លាំងបំផុត នៅលើពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Saigoneer ។
ជុំវិញចំណាត់ថ្នាក់នេះ ត្រូវបានដាក់ដោយក្រុមហ៊ុនវិភាគខាងអចលនទ្រព្យសកល Knight Frank មានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលបានធ្វើការចងក្រង និងវិភាគទិន្នន័យទាក់ទងទៅនឹងបុគ្គល ដែលមានទ្រព្យសម្បត្តិសរុប ((UHNWI) ឬអ្នកដែលមានទ្រព្យសរុបលើសពី ៣០លានដុល្លារអាមេរិក។
ចំពោះការវិភាគនេះ បានបង្ហាញថា ចាប់តាំងពីឆ្នាំ ២០១៤ មក Knight Frank បានដាក់ចំណាត់ថ្នាក់វៀតណាម នៅក្នុងចំណោមប្រទេសដែលមានចំនួនអ្នកមាន ឬហៅកាត់ UHNWI កើនឡើងលឿនជាងគេបំផុត។
មិនតែប៉ុណ្ណោះ ស្ថាប័ន Knight Frank បានព្យាករទៀតថា ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២៦ ខាងមុខ ចំនួនអ្នកមានរបស់វៀតណាម នឹងបន្តកើនឡើង ១៧០%។ ហើយក្នុងអំឡុងពេលជាមួយគ្នានេះផងដែរ ចំនួនមហាសេដ្ឋីសរុបរបស់ប្រទេសនេះវិញ នឹងបន្តកើនឡើងពីចំនួនបច្ចុប្បន្ន ១៤ ៣០០ នាក់ ដល់ ៣៨ ៦០០ នាក់។
ជម្រាបជូនផងដែរថា បើទោះបីជាចំនួនប្រជាជន UHNWI របស់វៀតណាមមានកើនឡើងលឿន ដោយសារតែភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនេះទាំងមូលក៏ដោយ តែអ្នកជំនាញរបស់ធនាគារពិភពលោក ក៏បានព្រមានថាប្រទេសនេះនៅតែងាយទទួលរងនូវ “វិបត្តិសេដ្ឋកិច្ច និងបរិស្ថាន” ដែលអាចប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួនបាន ៕