កំណើនទិន្នផលស្រូវរបស់ស្រីលង្កា បង្ហាញពីភាពជោគជ័យរបស់រដ្ឋាភិបាល

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្មស្រីលង្កាលោក Mahinda Amaraweera បាននិយាយកាលពីថ្ងៃចន្ទថា តម្រូវការអង្ករប្រចាំឆ្នាំរបស់ប្រទេសគឺមានចំនួនប្រមាណ ២ ៥៤០ ០០០ តោន ហើយការប្រមូលផលនៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២ ៧៥០ ០០០ តោន។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងសុន្ទរកថាក្នុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីកូឡុំបូ លោក Amaraweera បាននិយាយថា តួលេខនេះបង្ហាញពីភាពជោគជ័យរបស់រដ្ឋាភិបាលដែលធ្លាប់បានធ្វើការអន្តរាគមន៍កាលពីឆ្នាំមុន។ 

មិនត្រឹមតែប៉ុណ្ណោះ លោកបាននិយាយបន្ថែមទៀតថា នៅឆ្នាំំ ២០២៤ ខាងមុខ រដ្ឋាភិបាលនឹងលើកទឹកចិត្តដល់ការដាំដុះពោត ម្ទេស និងដំឡូង ដើម្បីធានាបានថាការដាំដុះដំណាំទាំងនេះ អាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ប្រជាជនរបស់ខ្លួន ដើម្បីកាត់បន្ថយការនាំចូល។ 

រដ្ឋមន្ត្រីរូបនេះបន្តថា ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ ពុំមានជំងឺឆ្លងផ្តាសាយបក្សីនោះទេ ដូច្នេះហើយមានន័យថាប្រទេសស្រីលង្កាអាចពង្រីកបន្ថែម នៃការនាំចេញមាន់បាន។ មួយវិញទៀត រដ្ឋាភិបាលក៏មានគម្រោងដាំដុះកៅស៊ូឡើងវិញ ក៏ដូចជាលើកកម្ពស់គុណភាព និងទិន្នផលតែផងដែរ។ 

គួរបញ្ជាក់ផងដែរថា បើយោងតាមតួលេខដែលចេញផ្សាយដោយនាយកដ្ឋានជំរឿន និងស្ថិតិ បានបង្ហាញថា ការងារក្នុងវិស័យកសិកម្មរបស់ប្រទេសស្រីលង្កា មានចំនួនប្រហែល ២៦,៥% នៃកម្លាំងពលកម្មសរុប៕