កូរ៉ខាងត្បូង ត្រៀមកញ្ចប់ជំនួយ ២៩ពាន់លានដុល្លារ ទ្រទ្រង់ឧស្សាហកម្មអាគុយរថយន្តអគ្គិសនី

អន្តរជាតិ

ប្រទេសកូរ៉េខាងត្បូង នឹងផ្ដល់កញ្ចប់ជំនួយសរុបជាទឹកប្រាក់ ៣៨ទ្រីលានវ៉ុន ឬប្រហែល ២៩ពាន់លានដុល្លារ ដើម្បីជួយពង្រឹង និងទ្រទ្រង់នៅក្នុងឧស្សាហកម្មអាគុយរថយន្តអគ្គិសនីនៅក្នុងស្រុក សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ចំពេលមានការប្រកួតប្រជែងទីផ្សារសកលខ្លាំង ចំពោះសង្វាក់ផ្គត់ផ្គង់ផលិតផលមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋាភិបាលមានបំណង​ផ្ដល់អត្ថប្រយោជន៍ពន្ធ និងប្រាក់កម្ចី ទៅកាន់ក្រុមហ៊ុនកូរ៉េខាងត្បូង ដែលកំពុងវិនិយោគនៅ​ក្រៅប្រទេស ដើម្បីធានាបានសិទ្ធជីករ៉ែ សម្រាប់វត្ថុធាតុដើមនៃការផលិតអាគុយរថយន្តអគ្គិសនី។

កូរ៉េខាងត្បូង គឺជាប្រភពដ៏ធំនៃការផលិតអាគុយរថយន្តអគ្គិសនី ពោលក្រុមហ៊ុនធំៗនៅទីនោះ​ដូចជា LG Energy Solution, Samsun SDI និង SK On បានក្ដោបក្ដាប់​ចំណែកទីផ្សារសកល រហូតដល់ ៤៩% នៃការផលិតអាគុយរថយន្តអគ្គិសនី។ នេះបើតាមទិន្នន័យបញ្ចេញដោយ​ក្រសួងជាច្រើន​នៅកូរ៉េខាងត្បូង។

សូមជម្រាបបន្ថែមថា បច្ចុប្បន្នអាគុយរថយន្តអគ្គិសនី និងបន្ទះឈីប គឺជាផលិតផលបច្ចេកវិទ្យា ដែលមានតម្រូវការខ្លាំងបំផុត ដោយសាររថយន្តអគ្គិសនីកំពុងមានសន្ទុះខ្លាំង ដែលធ្វើឲ្យមហាអំណាចធំៗជាច្រើន ងាកមកចាប់អារម្មណ៍ និងលើកទឹកចិត្តដល់​ក្រុមវិនិយោគិន ដែលរកស៊ីលើវិស័យមួយនេះ ដើម្បីបង្កើនភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ពួកគេ ឲ្យកាន់តែលូតលាស់ជាងមុន៕