ក្រុមហ៊ុន Blue Origin របស់មហាសេដ្ឋីអាមេរិក លោក Jeff Bezos បានប្រកាសថា ពួកគេនឹងបង្ហោះយានអវកាស New Shepard ទៅកាន់លំហអាកាស យ៉ាងលឿនបំផុតនាថ្ងៃទី ១៨ ខែធ្នូខាងមុខ ដើម្បីត្រៀមចាប់ផ្ដើមអាជីវកម្មទេសចរណ៍តាមលំហអាកាស។ នេះបើតាមការចុះផ្សាយពីគេហទំព័រ CNA។
សម្រាប់ការបាញ់បង្ហោះយានអវកាសខាងមុខនេះផងដែរ ក្រុមហ៊ុន Blue Origin បានផ្ដល់ដំណឹងថា យានមួយនោះ នឹងមិនមានផ្ទុកមនុស្សឡើយ ដោយគ្រាន់តែផ្ទុកនូវឧបករណ៍ស្រាវជ្រាវ និងវិទ្យាសាស្ត្រ ចំនួន ៣៣ហិប ដើម្បីជួយដល់ការធ្វើពិសោធន៍នៅក្នុងលំហអាកាស។
គួររំលឹកបន្តិចថា យានអវកាស New Shepard របស់ Blue Origin នេះ គឺត្រូវបានហាមឃាត់ មិនឲ្យដំណើរការ តាំងពីខែកញ្ញា ឆ្នាំ២០២២ ដោយសារមានកំហុសបច្ចេកទេស អំឡុងពេលបាញ់បង្ហោះសាកល្បង ពោលគ្រាន់តែហោះឡើងបានតែមួយនាទី យានមួយនោះក៏មានបញ្ហា តែសំណាងល្អដែលគ្រានោះ មិនមានមនុស្សនៅក្នុងយាន។
លុះដល់ខែមីនាឆ្នាំនេះ ក្រុមហ៊ុនមហាសេដ្ឋីអាមេរិក ក៏ចេញមុខបង្ហាញពីកំហុសនៃយានអវកាស New Shepard ហើយរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ក៏បានបិទការស៊ើបអង្កេតទាក់ទងនឹងបញ្ហាមួយនេះ ដោយយល់ស្របជាមួយការលើកឡើងរបស់ក្រុមហ៊ុន និងបានបញ្ជាឲ្យ Blue Origin ធ្វើការកែតម្រូវយានមួយនេះ រហូតដល់ ២១ចំណុច ទើបអនុញ្ញាតឲ្យបង្ហោះទៅលំហអាកាសបាន៕