ក្រុមហ៊ុន Vingroup របស់វៀតណាម នឹងដាក់ឱ្យដំណើរការងារសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីប្រមាណជាង២ពាន់គ្រឿងនៅកម្ពុជា ក្នុងខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។
ការបញ្ជាក់បែបនេះរបស់ក្រុមហ៊ុន ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក ង្វៀន វៀតក្វាង (Nguyen Viet Quang) អគ្គនាយកក្រុមហ៊ុន Vingroup សុំចូលជួបសម្តែងការគួរសមជាមួយសម្តេចបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងឱកាសនោះ អគ្គនាយកក្រុមហ៊ុន Vingroup បានជម្រាបសម្តេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេសគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជា ក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន ២,៥០០គ្រឿង។
លោកក៏បានបញ្ជាក់ថា សេវាកម្មតាក់ស៊ីអគ្គិសនីនេះនឹងដំណើរការជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០២៤ ខាងមុខនៅរាជធានីភ្នំពេញ និងជាបន្តបន្ទាប់ទៀត នៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ក្រុមហ៊ុន Vingroup ដែលផ្តល់សេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីនៅកម្ពុជា ស្របពេលរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញគោលនយោបាយក្នុងការប្រើប្រាស់នូវថាមពលស្អាត ដែលរួមចំណែកដល់កិច្ចគាំពារ និងថែរក្សាបរិស្ថាន។
សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបង្គំ និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា សម្រាប់ការប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្មរថយន្តនៅប្រទេសវៀតណាមផងដែរ៕