ចិន មានមហិច្ឆតាដាក់ឲ្យដំណើរការប្រព័ន្ធ 6G នៅក្នុងឆ្នាំ ២០៣០

អន្តរជាតិ

នៅពេលដែលប្រព័ន្ធបច្ចេកវិទ្យា 5G មិនបានដាក់ឲ្យដំណើរការនៅក្នុងប្រទេសជាច្រើនផងនោះ ឥឡូវនេះចិន បានប្រកាសពីមហិច្ឆតារបស់ខ្លួន ក្នុងការសម្រេចឲ្យបាននូវការដាក់ពង្យាយប្រព័ន្ធបច្ចេកវិទ្យាជំនាន់ថ្មី 6G នៅក្នុងឆ្នាំ ២០៣០។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Global Times ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Wang Zhiqin ដែលជាអ្នកដឹកនាំក្រុមផ្សព្វផ្សាយ 6G របស់ប្រទេស និងជាអនុប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងចិន បាននិយាយថា ប្រទេសរបស់ខ្លួន បានចាប់ផ្តើមធ្វើការពិសោធបច្ចេកវិទ្យា 6G តាំងពីឆ្នាំមុនមកម្លេះ ហើយបាននិងកំពុងធ្វើការស្រាវជ្រាវជាបន្តបន្ទាប់លើស្ថាបត្យកម្មប្រព័ន្ធ 6G និងដំណោះស្រាយបច្ចេកទេសបន្ថែមទៀត នៅឆ្នាំនេះ ដែលទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ជំហានបន្ទាប់នៃការអភិវឌ្ឍទៅលើប្រព័ន្ធ 6Gថ្មី។

ទន្ទឹមនេះ លោក Wang បាននិយាយទៀតថា ៖ “មនុស្សគ្រប់គ្នានឹងចាប់ផ្តើមសួរថា តើវាចាំបាច់ដែរឬទេ ក្នុងការបង្កើនលឿនបន្ថែមទៀតទៅលើបច្ចេកវិទ្យាជំនាន់ថ្មី ចាប់តាំងពីបច្ចេកវិទ្យា 5G ត្រូវបានអនុម័តមក។ ប៉ុន្តែតាមពិតទៅ សេវា 6G នេះ គឺជាប្រព័ន្ធថ្មីមួយ ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងសង្គម អភិបាលកិច្ច និងមានភាពឆ្លាតវៃជាង”។

លោក Wang បានធ្វើការបញ្ជាក់ទៀតថា ប្រព័ន្ធ 5G បច្ចុប្បន្នគឺអាចផ្ញើ និងទទួលសញ្ញាទំនាក់ទំនងបានតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងយុគសម័យ 6G ខាងមុខ វានឹងគាំទ្រទាំងការទំនាក់ទំនង និងការចាប់សញ្ញា ហើយក៏អាចប្រើក្នុងរលកវិទ្យុដើម្បីដឹងពីបរិយាកាសជុំវិញ រូបរាង និងចលនាផងដែរ ខណ:ប្រព័ន្ធនេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវដំណើរការទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចពង្រីកកម្មវិធីពាណិជ្ជកម្មជាច្រើនផងដែរ។

ជម្រាបជូនផងដែរថា ជុំវិញការអភិវឌ្ឍប្រព័ន្ធ 6G នេះ គឺទាមទារឲ្យមានការយល់ស្របជាមតិរួម និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធពីសំណាក់ឧស្សាហកម្មសកលលោក បណ្ឌិតសភា និងវិទ្យាស្ថានស្រាវជ្រាវ ដើម្បីបង្កើនជម្រៅនៃការច្នៃប្រឌិត វិសាលភាពនៃសមាហរណកម្ម និងភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការផងដែរ ៕