ឥណ្ឌា ទទួលទិញប្រេងពីរុស្ស៊ីក្នុងតម្លៃខ្ពស់បំផុតមិនធ្លាប់មាន

អន្តរជាតិ

យោងតាមទិន្នន័យបឋមរបស់រដ្ឋាភិបាលឥណ្ឌា បានបង្ហាញឲ្យដឹងថា តម្លៃជាមធ្យមនៃប្រេងរបស់រុស្ស៊ី ដែលបានលក់មកកាន់ប្រទេសឥណ្ឌា ក្នុងខែតុលា បានកើនឡើងដល់ ៨៤,២០ដុល្លារក្នុងមួយបារ៉ែល ពោលគឺលើសពីតម្លៃ ៦០ដុល្លារ ក្នុងមួយបារ៉ែល ដែលត្រូវបានបានកំណត់ដោយក្រុមប្រទេស G7 កាលពីក្នុងខែធ្នូឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឥណ្ឌា បានចំណាយប្រាក់ខ្ពស់បំផុតសម្រាប់ការទិញយកប្រេងរបស់រុស្ស៊ី នៅក្នុងខែតុលា បើទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់ប្រទេសលោកខាងលិច ដើម្បីទប់ស្កាត់ការរកប្រាក់ចំណូល និងការផ្តល់មូលនិធិជូនដល់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ជុំវិញការ​បង្ក​សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ។

ទោះបីជាដឹងថានេះជាសកម្មភាពប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូក៏ដោយ ប៉ុន្តែតម្លៃជាមធ្យមនៃប្រេងរបស់រុស្ស៊ីគឺទាបជាង តម្លៃប្រេងរបស់ប្រទេសអ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីត ដែលជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតលំដាប់ទីពីរ និងទីបីរបស់ឥណ្ឌា។

បើតាមទិន្នន័យ​របស់ក្រសួងពាណិជ្ជកម្មឥណ្ឌា បាន​បង្ហាញ​ថា តម្លៃ​ប្រេង​មួយ​ធុង​ពី​អ៊ីរ៉ាក់ ជា​មធ្យមមានតម្លៃ ៨៥,៩៧ដុល្លារ និង​អារ៉ាប៊ីសាអូឌីត មាន​តម្លៃ​ ៩៨,៧៧ដុល្លារ​ ​គិតនៅក្នុង​ខែ​តុលា​។

ក្រៅ​ពី​ការ​ផ្គត់ផ្គង់​ផ្ទាល់​ពី​ប្រទេស​រុស្ស៊ី ក្រុមហ៊ុន​ចម្រាញ់​ប្រេង​របស់​ឥណ្ឌា ​ក៏​ទទួល​បាន​ប្រេងរបស់រុស្ស៊ី ដែលផ្គត់ផ្គង់​ពី​កំពង់ផែ​ក្នុង​ប្រទេស​ក្រិក អេស្ប៉ាញ និង​កូរ៉េផងដែរ៕