រដ្ឋសភា បានបន្តបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ចំនួន ៩រូប នៅព្រឹកថ្ងៃពុធទី១៣ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្តមានសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ។
អង្គប្រជុំរដ្ឋសភាបានបោះឆ្នោតគាំទ្រឲ្យលោក ប្រាជ្ញ ចន្ទ ជាប់បន្តធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំណែកលោក ជឺ ចំណាន ជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន ៧ រូបទៀតគឺលោក មាន សទិ, លោក ឌឹម សុវណ្ណារុំ, លោក សោម សូរីដា, លោក ហេង ស៊ីឡេង, លោក យិច សមិទ្ធិ, លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា។
បើតាមរដ្ឋសភាជាតិ សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនៃនីតិកាលទី៧រដ្ឋសភានេះ ត្រូវធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងជាមុនសិន មុនចូលកាន់តំណែង នាពេលខាងមុខ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) មានសមត្ថកិច្ចក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ក្រោមបាវចនា ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព។
គួររំលឹកបន្តិចថា លោក ប្រាជ្ញ ចន្ទ ចូលកាន់តំណែងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ជំនួសលោក ស៊ិក ប៊ុនហុក ដែលបានសុំលាលែងពីតំណែងក្រោមហេតុផលមានបញ្ហាសុខភាព និងវ័យកាន់តែចាស់។
មុនកាន់តំណែងប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ គឺជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ទទួលបន្ទុកសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ចាប់តាំងពីឆ្នាំ២០១៧ មក។ ក្រៅពីនេះ លោកក៏ធ្លាប់ជាមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រយៈពេល១០ឆ្នាំ ពោលគឺពីឆ្នាំ១៩៩១ ដល់២០០១ មុនកាន់តំណែងអភិបាលខេត្តបាត់ដំបង ៣អាណត្តិជាប់គ្នា ពីឆ្នាំ២០០១ ដល់២០១៣ ហើយក្រោយមកលោកបានផ្លាស់ប្ដូរទៅកាន់តំណែងអភិបាលខេត្តត្បូងឃ្មុំ ១អាណត្តិ ពីឆ្នាំ២០១៤ ដល់២០១៧ នៅពេលខេត្តនេះបង្កើតថ្មីដែលបំបែកចេញពីខេត្តកំពង់ចាម៕