ក្រុមហ៊ុនវៀតណាម Vingroup នឹងមកវិនិយោគលើវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ នៅដើមឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីលោក ង្វៀន វៀតក្វាង (Nguyen Viet Quang) អគ្គនាយកក្រុមហ៊ុន Vingroup ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែធ្នូ នៅរដ្ឋធានីហាណូយ។
ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ថ្ងៃនៅវៀតណាម អគ្គនាយកក្រុមហ៊ុន Vingroup បានជម្រាបជូនសម្តេចធិបតីអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេសគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន ២.៥០០ គ្រឿង ដែលនឹងដំណើរការជាផ្លូវការនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ខាងមុខ នៅរាជធានីភ្នំពេញ និងជាបន្តបន្ទាប់ទៀត នៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ។
នៅក្នុងជំនួបនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងការវាយតម្លៃខ្ពស់ចំពោះគោលបំណងរបស់ក្រុមហ៊ុន Vingroup ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយក្នុងការប្រើប្រាស់នូវថាមពលស្អាត ដែលរួមចំណែកដល់កិច្ចគាំពារ និងថែរក្សាបរិស្ថាន។
ជាមួយគ្នានេះ សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្ត នៅក្នុងប្រទេសកម្ពុជា សម្រាប់ការប្រើប្រាស់នៅក្នុងខ្សែច្រវាក់ផលិតកម្មរថយន្តនៅក្នុងប្រទេសវៀតណាម ផងដែរ៕