មុខរបរចិញ្ចឹមមាន់យកស៊ុតលក់ នៅជួយឱ្យកសិកររកបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ

សង្គម​ និង​សេដ្ឋកិច្ច

កសិករចិញ្ចឹមមាន់ចំនួន២ពាន់ក្បាលយកស៊ុតលក់ មួយកន្លែងស្ថិតនៅ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងបានឱ្យដឹងថាតម្លៃស៊ុតមាន់នៅលើទីផ្សារក្នុងតំបន់គិតមកដល់ខែធ្នូ ឆ្នាំ២០២៣នេះនៅរក្សាបាន តម្លៃមួយល្អ ដែលអាចឱ្យអ្នកចិញ្ចឹមមាន់នៅរកបានប្រាក់ចំណេញប្រចំាថ្ងៃសម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅក្នុងគ្រួសារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមធនាគារ ARDB នៅក្នុងដំណើរទស្សនៈកិច្ចរបស់លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)ថ្មីៗកន្លងទៅនេះបានចុះពិនិត្យ ស្វែងយល់ កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតលក់មួយកន្លែង របស់អ្នកស្រី ថៃ ប៉ាកលី នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ទាក់ទងនិងការចិញ្ចឹមមាន់យកស៊ុតលក់នេះ អ្នកស្រី ថៃ ប៉ាកលី បានឱ្យដឹងថា មុខរបរចិញ្ចឹមមាន់យកស៊ុតលក់របស់អ្នកស្រី បើគិតមកដល់ឆ្នំា២០២៣នេះមានរយៈពេល៥ឆ្នាំហើយ។នៅក្នុងឆ្នំាទី១អ្នកស្រីសាកល្បងចិញ្ចឹមមាន់១ពាក់ក្បាល ហើយនៅក្នុង១ខែដំបូងអ្នកស្រី អាចទទួលបានស៊ុតមាន់១ពាន់គ្រាប់ក្នុង១ថ្ងៃ ដោយក្នុង១គ្រាប់លក់បានថ្លៃ៣០០រៀល តែក្រោយធ្លាក់ចុះមកនៅត្រឹម៨០០គ្រាប់ក្នុង១ថ្ងៃ។

បើតាមយោងតាមអ្នកស្រី ថៃ ប៉ាកលី បើទោះជាតម្លៃស៊ុតមាន់នៅឆ្នំាដំបូង លក់បានថ្លៃ៣០០រៀលក្នុង១គ្រាប់ក៏ដោយ សម្រាប់អ្នកស្រីនៅតែទទួលបានប្រាក់ចំណេញ ព្រោះចំណីមាន់នៅពេលនោះវានៅមានតម្លៃធូរថ្លៃ ជាងសព្វថ្ងៃនេះ។

អ្នកស្រី បញ្ជាក់ថា« ចូលមកដល់ដើមខែធ្នូ ឆ្នាំ២០២៣នេះ ខ្ញុំបាននិងកំពុងចិញ្ចឹមមាន់យកស៊ុតចំនួន២ពាន់ក្បាល ហើយនៅក្នុងមួយថ្ងៃ មាន់ទំាងអស់ផ្តល់ស៊ុតប្រមាណ១៤០០គ្រាប់ ដោយក្នុង១គ្រាប់លក់បានថ្លៃ៥៥០រៀលនៅលើទីផ្សារនៅក្នុងតំបន់នាពេលសព្វថ្ងៃនេះ»។

ពាក់ព័ន្ធនិងមុខរបរចិញ្ចឹមមាន់យកស៊ុតលក់មកដល់បច្ចុប្បន្ននេះ បើតាមអ្នកស្រី ថៃ ប៉ាកលី សម្រាប់កសិករដែលទិញកូនមាន់យកទៅចិញ្ចឹមពីតូចរហូតដល់ធំ ហើយចេះផ្សំចំណីឱ្យមាន់ស៊ីដោយខ្លួនឯង អាចរកប្រាក់ចំណេញបានច្រើនពីមុខរបរមួយនេះ តែសម្រាប់កសិករដែលទិញធំស្រាប់យកទៅចិញ្ចឹមឆាប់បានទទួលផល អាចរកបានប្រាក់ចំណូលតិចតួច ដោយសារចំណីថ្លៃ ហើយការ ទិញមាន់ធំស្រាប់យកទៅចិញ្ចឹមវាក៏មានតម្លៃថ្លៃ ៕ អត្ថបទ៖ SARETH