ការផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គម X នឹងធ្លាក់ចំណូលមកនៅត្រឹម ២,៥ ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ 

អន្តរជាតិ

កាលពីថ្ងៃអង្គារ សារព័ត៌មាន Bloomberg បានចុះផ្សាយថា ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់មហាសេដ្ឋី Elon Musk ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះមកនៅត្រឹមប្រហែល ២,៥ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៣ នេះ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទិន្នន័យរបស់ LSEG បានបង្ហាញថា ក្រុមហ៊ុន X បានរកប្រាក់ចំណូលច្រើនជាង ៦០០ លានដុល្លារនៅក្នុងការផ្សាយពាណិជ្ជកម្ម រយៈពេលបីត្រីមាសដំបូងនៃឆ្នាំ ២០២៣ ហើយក្រុមហ៊ុនបានដាក់ក្តីរំពឹងទៀតថា នឹងមានលទ្ធផលស្រដៀងគ្នានាឆមាសទីបួន។ 

របាយការណ៍បានបន្ថែមទៀតថា រយៈពេលបួនត្រីមាសចុងក្រោយ ពោលគឺរាប់ចាប់ពីឆមាសទីពីរ នៃឆ្នាំ២០២១ រហូតដល់បិទបញ្ចប់ឆមាសទីមួយនៃឆ្នាំ ២០២២ ក្រុមហ៊ុន X រកប្រាក់ចំណូលបានមកពីសេវាកម្មផ្សាយពាណិជ្ជកម្ម បានចំនួនសរុប ៤,៧ ពាន់លានដុល្លារ។  

យ៉ាងណាមិញ ចាប់តាំងពីលោក Musk បានចូលកាន់តំណែងនៅក្នុងខែតុលា ឆ្នាំ ២០២២ មក ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មប្រចាំខែនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងហោចណាស់ ៥៥% ជារៀងរាល់ខែ ខណៈដែលប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន X បានមកពីការផ្សាយពាណិជ្ជកម្មមានចំនួនពី ៧០% ទៅ ៧៥% ។ 

គួរជម្រាបផងដែរថា មូលហេតុនៃការធ្លាក់ចុះនេះ ក៏ដោយសារតែក្រុមហ៊ុនជាច្រើនដូចជា Comcast និង Walt Disney ជាដើមនោះ បានផ្អាកការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេនៅលើវេទិកា X បន្ទាប់ពីលោក Elon Musk កាលពីខែមុនបានអះអាងថា៖ ជនជាតិជ្វីហ្វកំពុងបង្កឲ្យមានការស្អប់ខ្ពើម ប្រឆាំងនឹងជនជាតិស្បែកស៕