ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Country Garden បានប្រកាសនាថ្ងៃទី១៤ ខែធ្នូនេះថា ពួកគេបានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ Gold Ease Global ប្រមាណ ១,៧៩% ទៅកាន់ក្រុមហ៊ុន Zhuhai Wanda Commercial Management Group ក្នុងទំហំទឹកប្រាក់ ៣,០៧ពាន់លានយ៉ន់ ឬប្រមាណ ៤២៨លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ការប្រកាសលក់ភាគហ៊ុនដ៏តក់ក្រហល់មួយនេះ កើតឡើងចំពេញ Country Garden កំពុងត្រូវបានក្រុមម្ចាស់បំណុលតាមទារលុយ ខណៈវិស័យអចលនទ្រព្យនៅចិនក៏កំពុងប្រឈមហានិភ័យកាន់តែខ្លាំងថែមទៀត។
ក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះបាននិយាយថា ពួកគេនឹងប្រើប្រាស់ថវិកា ដែលបានមកពីការលក់ទាំងនេះ ទៅរៀបចំរចនាសម្ព័ន្ធបំណុល ជាមួយម្ចាស់បំណុលបរទេសឡើងវិញ។
គួររំលឹកបន្តិចថា បច្ចុប្បន្នក្រុមហ៊ុន Country Garden កំពុងមានបំណុលជាប់ខ្លួន ប្រហែល ១៩០ពាន់លានដុល្លារ និងមានគម្រោងការច្រើនជាង ៣ ០០០ ដែលកំពុងស្ថិតនៅក្រោមការសាងសង់នៅឡើយ។
កន្លងមក Country Garden តែងតែព្យាយាមដោះស្រាយជាមួយម្ចាស់បំណុល តាមរយៈការរៀបចំរចនាសម្ព័ន្ធបំណុល ប៉ុន្តែភាគីទាំងសងខាងមិនទាន់ឈានដល់កិច្ចព្រមព្រៀងជាផ្លូវការ ជុំវិញការដោះស្រាយបញ្ហាមួយនេះនៅឡើយទេ៕