ឧកញ៉ា អ៊ុច សម្បត្តិ ណែនាំដល់អ្នកបានខ្ពង់ខ្ពស់ កុំប្រព្រឹត្តរឿង៦យ៉ាង

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុន គ្រួសារកក់ក្តៅ (Krousar Korkdao Co.,Ltd) ​​​កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បាន​ចែក​រំលែក​នូវ​ទស្សនៈ​លើ​បណ្តាញ​សង្គម​ណែនាំ​ដល់​អ្នកបាន​ខ្ពង់ខ្ពស់ សូម​កុំ​ប្រព្រឹត្ត​នូវ​រឿង​ចំនួន ៦​យ៉ាង។ រឿង​ទាំង​៦ ដែល​លោក​ឧកញ៉ា បាន​លើកឡើង​មាន​ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. កុំពើងទ្រូង៖ មានប៉ុនណា ខ្ពស់ប៉ុនណា​ ត្រូវមានឥរិយាបថថ្លៃថ្នូរ គោរព​ឱន​លំទោន គោរពមេកើយ (មេ ជាម្ចាស់ដ៏ល្អរបស់អ្នកជានិច្ច ដែល​លើកអ្នកបាន ក៏អាចជាន់ឱ្យ​អ្នកលេចវិញដែរ)។

២. កុំក្អែងក្អាង៖ ជាន់គេឯង​គ្រប់កិច្ចការមិនអាចជោគជ័យបានទេ ​បើគ្មានមនុស្សតូចតាច​​ធ្វើការឱ្យ​អ្នក កុំមើល​ងាយ​អ្នកក្រ (ខាងក្រោមមានក្រុមការងារ)។

៣. កុំអំនួត៖ រាល់ការរីកចម្រើនត្រូវមានគំនិតពីមនុស្សជុំវិញខ្លួន គំនិតតូចមួយ​ពីមនុស្សជុំវិញខ្លួន​ជាស្ពានចម្លង​អ្នក​ឱ្យ​មានថ្ងៃនេះ (ខាងស្តាំដៃ គឺទីប្រឹក្សា)។

៤. កុំភ្លេចគ្រាក្រ៖ អ្នកកម្សត់​កម្រជាមួយអ្នក​គឺភរិយា ឬប្តី មុនចាយលុយ​សប្បាយហូរហៀរ ត្រូវគិតដល់នាង​និងគ្រួសារ ព្រោះពេលអ្នកមានបញ្ហាគ្មាននរណាម្នាក់នៅកំដរអ្នកគ្រប់ពេលដូចនាងឡើយ (ខាងឆ្វេងដៃ​មាន​ភរិយាឬប្តី)។

៥. កុំដល់ត្រើយរុះស្ពាន៖ កុំភ្លេចសងគុណ ឪពុកម្តាយ គ្រូបាអាចារ្យ និងគ្រូរបស់អ្នក រាល់ពេលអ្នកហត់នឿយ ចង់បោះបង់ ទាល់គំនិត ពួកគាត់នេះហើយ​តែងដាស់តឿនអ្នកឱ្យ​ស៊ូរហូតមក មិនដែលគិតចង់បានអ្វីពីអ្នកឡើយ (ខាងក្រោយ គឺអ្នកមានគុណ)។

៦. កុំភ្លេចគោលដៅ៖ កុំឆ្វេចឆ្វាច មនុស្សមានលុយតែងលោភលន់ តក់ក្រហល់ លែងមានចិត្តអំណត់ លែង​ស្តាប់​មនុស្សជុំវិញខ្លួន លែងគោរពមេកើយ តែងធ្វើតាមចិត្តក្តៅ ព្រោះតែលុយភ្លេចគុណធម៌ រកស៊ី ១០០មុខ ស៊ីទាំង​អ្នកផ្តល់កំណើត ផ្តល់ឱកាសឱ្យ​ខ្លួន (ខាងមុខគោលដៅដែលនាំអ្នកជោគជ័យពិត)។

ឧកញ៉ា អ៊ុច សម្បត្តិ ជា​ម្ចាស់​ក្រុមហ៊ុន គ្រួសារកក់ក្ដៅ ​ដែល​ជាក្រុមហ៊ុនផលិតចែក​ចាយគ្រឿង​សម្អាង និងលក់​ផលិតផល​ថែរក្សាសម្រស់តាមអនឡាញដ៏ធំមួយប្រចាំកម្ពុជា។ ក្រុមហ៊ុននេះ បង្កើត​ឡើង កាល​ខែ​មិថុនា ឆ្នាំ២០១៥ ដោយ​ឧកញ៉ា អ៊ុច សម្បត្តិ និង​ភរិយា​លោក​ជំទាវ ហ៊ឹម សុភ័ក្រ ហើយ​រហូត​ដល់​បច្ចុប្បន្ន​មាន​បណ្ដាញ​ចែក​ចាយ​​រាប់ម៉ឺននាក់​ទូទាំង​ប្រទេស៕