គ្រួសាររាជវង្សត្រកូល Al Nahyan នៃសហព័ន្ធអារ៉ាប់រួម បានក្លាយជាត្រកូលដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក ជាមួយទំហំទ្រព្យសម្បត្តិសរុបរហូតដល់ ៣០៥ពាន់លានដុល្លារឯណោះ។ នេះបើតាមរបាយការណ៍ពីគេហទំព័រ Bloomberg។
ជាមួយគ្នា គ្រួសាររាជវង្សនៃប្រទេសកាតា ក៏បានបង្ហាញវត្តមាននៅក្នុងបញ្ជីឈ្មោះគ្រួសារអភិជនមានលុយច្រើនបំផុតដូចគ្នា ហើយវាគឺជាលើកដំបូង ដែលរាជវង្ស Al Thanis លេចមុខក្នុងបញ្ជីមួយនេះ ជាមួយទំហំទ្រព្យសម្បត្តិ ១៣៣ពាន់លានដុល្លារ និងជាប់នៅលេខរៀងទី០៥។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះនៃគ្រួសារអភិជន មានទ្រព្យសម្បត្តិច្រើនបំផុតលើលោក គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ផ្អែកតាមទិន្នន័យពីគេហទំព័រ Bloomberg៖
១/ គ្រួសារត្រកូល Al Nahyan
ខ្សែរាជវង្សដែលគ្រប់គ្រងសហព័ន្ធអារ៉ាប់រួម ឬជាប្រទេសស្ដេចប្រេង គឺជាគ្រួសារមានទ្រព្យច្រើនបំផុតលើលោក ជាមួយទំហំទ្រព្យសម្បត្តិ ៣០៥ពាន់លានដុល្លារ ខណៈប្រភពចំណូលរបស់ពួកគេ គឺបានមកពីការលក់ប្រេង ហើយសមាជិកគ្រួសារនីមួយៗ សុទ្ធតែមានជំនួញខ្នាតយក្សនៅក្នុងដៃ។
២/ គ្រួសារត្រកូល Walton
គ្រួសារត្រកូល Walton ជាពូជពង្សមានទ្រព្យសម្បត្តិច្រើនបំផុតនៅសហរដ្ឋអាមេរិក ប្រមាណ ២៦០ពាន់លានដុល្លារ ហើយសមាជិកគ្រួសារ ៣រូប គឺ Jim Walton, Rob Walton និង Alice Walton រក្សាបានតំណែង Top 20 នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុត ៤០០រូបនៅអាមេរិក តាំងពីឆ្នាំ២០០១ មកទល់បច្ចុប្បន្ន។
ប្រភពចំណូលរបស់គ្រួសារមួយនេះ គឺហាងលក់ទំនិញដុំ និងរាយ Walmart ដែលមានបណ្ដាញចែកចាយ ច្រើនជាង ១០ ៥០០ហាង ទូទាំងពិភពលោក។
៣/គ្រួសារត្រកូល Hermes
បើនិយាយពីគ្រួសារមហាសេដ្ឋី ប្រាកដណាស់អ្នករចនាម៉ូដសម្ភារៈនិយម Hermes ត្រូវតែមានឈ្មោះនៅក្នុងបញ្ជីមួយនេះ ដ្បិតកាបូបយួរដៃរបស់ពួកគេមួយៗ គឺមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ។
គ្រួសារមហាសេដ្ឋីបារាំងមួយនេះ គឺមានទ្រព្យសម្បត្តិសរុបប្រហែល ១៥១ពាន់លានដុល្លារ។
៤/ គ្រួសារត្រកូល Mars
អាចនិយាយបានថា ពួកគេគឺជាដៃគូសហការរបស់ Walmart ដែលជាអ្នកជំនាញក្នុងការផលិតស្ករគ្រាប់សូកូឡា និងទទួលបានការគាំទ្រទូទាំងពិភពលោកដែលគ្រប់គ្នាស្គាល់ថា M&Ms។
បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់គ្រួសារមហាសេដ្ឋីអាមេរិកមួយនេះ មានសរុបប្រហែល ១៤២ពាន់លានដុល្លារ។
៥/គ្រួសារត្រកូល Al Thani
រាជវង្សនៃប្រទេសកាតាមួយនេះ ទើបនឹងបង្ហាញវត្តមានក្នុងបញ្ជីឈ្មោះគ្រួសារមហាសេដ្ឋីជាលើកដំបូង និងបានជាប់នៅលេខរៀងទី៥ ជាមួយទំហំទ្រព្យសម្បត្តិ ១៣៣ពាន់លានដុល្លារ ខណៈប្រភពចំណូលរបស់ពួកគេ គឺបានមកពីវិស័យឧស្សាហកម្មដ៏សំបូរបែបនៅក្នុងប្រទេស។
សូមជម្រាបបន្ថែមថា ក្រៅពីគ្រួសារទាំង៥ ខាងលើ គ្រួសារមហាសេដ្ឋីអាមេរិក Koch និងរាជវង្សនៃប្រទេសអារ៉ាប៊ីសាអូឌីត Al Saud ក៏ជាប់នៅក្នុងបញ្ជីមួយនេះដូចគ្នា ជាមួយទំហំទ្រព្យសម្បត្តិស្មើគ្នា ១២៧,៣ពាន់លានដុល្លារ៕