ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋីអាមេរិក លោក Warren Buffett បានប្រកាសទិញយកភាគហ៊ុនបន្ថែមជិត ១០,៥ លានហ៊ុន នៅក្នុងក្រុមហ៊ុនប្រេង Occidental Petroleum របស់សហរដ្ឋអាមេរិក ជាមួយតម្លៃប្រហែល ៥៨៨,៧លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ការទិញយកភាគហ៊ុនលើកចុងក្រោយនេះ នឹងធ្វើឲ្យ Berkshire Hathaway កាន់កាប់ភាគហ៊ុនសរុបនៅក្នុងក្រុមហ៊ុន Occidental កើនឡើងដល់ប្រហែល ២៧% ឬប្រមាណ ៨៣,៨ លានហ៊ុន។
គួរឲ្យដឹងថា Berkshire បានទិញភាគហ៊ុនក្នុងក្រុមហ៊ុន Occidental លើកចុងក្រោយ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣ ដែលពេលនោះធ្វើឲ្យពួកគេមានភាគហ៊ុនសរុបក្នុងដៃចំនួន ២៥,៨% ដែលមានតម្លៃសរុបប្រហែល ១៤,៤ពាន់លានដុល្លារ។
ជម្រាបជូនថា Berkshire កាន់កាប់អាជីវកម្មរាប់សិបរួមទាំងក្រុមហ៊ុនថាមពលជាច្រើន ក៏ដូចជាក្រុមហ៊ុនផ្លូវដែក BNSF ក្រុមហ៊ុនធានារ៉ាប់រងរថយន្ត Geico និងភាគហ៊ុនដែលមានតម្លៃរាប់រយពាន់លានដុល្លារផ្សេងទៀត ដែលរួមទាំងនៅក្នុងក្រុមហ៊ុន Apple ផងដែរ៕