នាយករដ្ឋមន្ត្រីថៃ សម្តែងក្តីព្រួយបារម្ភខ្លាំងចំពោះស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin កាលពីថ្ងៃទី១៣ ខែធ្នូកន្លងទៅ បានសម្តែងក្តីព្រួយបារម្ភខ្លាំងចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសថៃបច្ចុប្បន្នថាកំពុងស្ថិតនៅក្នុងវិបត្តិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Srettha បានធ្វើការសង្កត់ធ្ងន់ថា ចំពោះបញ្ហានេះ រដ្ឋាភិបាលគឺគួរតែផ្តោតសំខាន់បន្ថែមទៀតទៅលើការវិនិយោគថាមពលស្អាត ទន្ទឹមនឹងការពន្លឿនការចរចានៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប បន្ទាប់ពីកិច្ចពិភាក្សានេះ ត្រូវបានផ្អាកកាលពីឆ្នាំ ២០១៤ កន្លងមក។

លើសពីនេះ លោក Srettha ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរនោះ ក៏បានលើកឡើងពីសារៈសំខាន់នៃការជំរុញពាណិជ្ជកម្មតាមព្រំដែន និងការបង្កើនកម្លាំងពលកម្មជំនាញ ក៏ដូចជាការបណ្តុះបណ្តាលកម្លាំងពលកម្មបន្ថែម ដើម្បីទាក់ទាញការវិនិយោគពីបរទេស។

ទាក់ទងនឹងថាមពល លោក Srettha បាននិយាយថា រដ្ឋាភិបាលកំពុងធ្វើការលើការទប់ស្កាត់ពន្ធលើថាមពលនៅឆ្នាំក្រោយ ឲ្យធ្លាក់មកនៅត្រឹមចំនួន ៤,២បាត (០,១២ដុល្លារ) ក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលជាផែនការដ៏សំខាន់មួយដែលរំពឹងថានឹងអាចសម្រួលដល់វិស័យឧស្សាហកម្ម និងគ្រួសារក្នុងប្រទេស។

នាយករដ្ឋមន្ត្រីថៃរូបនេះ មានជំនឿថា រដ្ឋាភិបាលគួរតែផ្លាស់ប្តូរទៅរកមធ្យោបាយប្រកបដោយនិរន្តរភាពបន្ថែមទៀត ដើម្បីគ្រប់គ្រងការប្រើប្រាស់ថាមពលក្នុងរយៈពេលវែង ដូចជាការប្រើប្រាស់ថាមពលកកើតឡើងវិញជាដើម។

ទន្ទឹមនឹងនេះ បំណុល​គ្រួសារ​ខ្ពស់គឺ​ជា​បញ្ហា​ប្រឈម​ដ៏ធំមួយ ដែល​លោក​នាយក​រដ្ឋមន្ត្រី បញ្ជាក់ថាចាំបាច់ត្រូវ​ដោះស្រាយ ចំពេលកំពុងមានក្តីព្រួយ​បារម្ភ​ខ្លាំង​ចំពោះអត្រា​ប្រាក់​ឈ្នួល​ទាបផងដែរ៕​