តម្លៃផ្ទះថ្មីៗនៅក្នុងប្រទេសចិន បន្តធ្លាក់ចុះក្នុងរយ:ពេល ៥ខែជាប់ៗគ្នា

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញនៅថ្ងៃសុក្រ ទី១៥ ខែធ្នូមិ្សលមិញថា តម្លៃផ្ទះថ្មីៗនៅក្នុងប្រទេសចិន បានបន្តធ្លាក់ចុះក្នុងរយ:ពេល ៥ខែជាប់ៗគ្នា គិតត្រឹមខែវិច្ឆកា ខណ:វិស័យអចលនទ្រព្យនៅក្នុងប្រទេសនេះ នៅតែបន្តប្រឈមមុខជាមួយនឹងវិបត្តិ ដោយសារតែភាពទន់ខ្សោយនៃតម្រូវការ និងការវិនិយោគ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញឲ្យដឹងថា តម្លៃផ្ទះថ្មីៗ បានធ្លាក់ចុះ ០,៣% នៅក្នុងខែវិច្ឆិកា ពោលគឺដូចទៅនឹងតួលេខនៃការធ្លាក់ចុះ កាលពីក្នុងខែតុលាកន្លងទៅផងដែរ។

ទីក្រុងលំដាប់ទី១ ទី២ និងទី៣ របស់ប្រទេសចិន សុទ្ធសឹងតែបានកត់ត្រាពីការធ្លាក់ចុះសម្រាប់តម្លៃផ្ទះថ្មីៗ នៅក្នុងខែវិច្ឆិកា ដោយក្នុងចំណោមទីក្រុងចំនួន ៧០ ដែលត្រូវបានអង្កេតដោយ NBS មាន ៥៩ ទីក្រុងហើយ ដែលបានរាយការណ៍ពីការធ្លាក់ចុះ។

គួរឲ្យដឹងផងដែរថា ប្រទេស​ចិន​បាន​និង​កំពុង​បង្កើន​វិធានការ​ដើម្បី​ទប់​ស្កាត់​ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ចុះនៃ​វិស័យអចលន​ទ្រព្យ​របស់​ខ្លួន ដោយទាំងទីក្រុងប៉េកាំង និងទីក្រុងសៀងហៃ បានដាក់ចេញច្បាប់បន្ធូរបន្ថយការរឹតបន្តឹងទៅលើការទិញផ្ទះ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរចិន ក្នុងការធ្វើឱ្យទីផ្សារលំនៅដ្ឋានដែលធ្លាក់ចុះ ឲ្យងើបឡើងវិញសារជាថ្មី។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំរបស់ប្រទេសចិន ក៏បានធ្វើការសន្យា នៅក្នុងកិច្ចប្រជុំមួយនៅសប្តាហ៍នេះ ដើម្បីពន្លឿនការបង្កើតគំរូថ្មីនៃការអភិវឌ្ឍអចលនទ្រព្យ និងពន្លឿនការសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ៕