អគារសង្គ្រោះដំបូងថ្មីដែលមានឈ្នោះថា «អាគារសម្តេចពិជ័យសេនា ទៀ បាញ់ ១៧៧» ក្នុងមន្ទីរពេទ្យព្រះកេតុមាលា សម្ពោធដាក់ឲប្រើប្រាស់ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។
ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពាជាតិ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា បានឱ្យដឹងថា អគារនេះមានកម្ពស់៧ជាន់ ស្មើនឹង ៣១,៨៥ម៉ែត្រ ទទឹង១៥,៦ម៉ែត្រ និងបណ្ដោយ ៣៦,៩ម៉េត្រ អាចដាក់គ្រែព្យាបាលអ្នកជំងឺបានចំនួន ៧៣គ្រែ បន្ទប់បុគ្គលិកបំពេញការងារចំនួន១៥បន្ទប់។ អគារសង្គ្រោះតំបូងថ្មីនេះ ត្រូវបានជួយឧបត្ថម្ភពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលបញ្ចុះសិលាសាងសង់កាលពីនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ មានចក្ខុវិស័យវែងឆ្ងាយប្រកបដោយគតិបណ្ឌិត ក្នុងការធ្វើទំនើបកម្ម មន្ទីរពេទ្យព្រះកេតុមាលា ឱ្យមានការអភិវឌ្ឍចាប់តាំងពីឆ្នាំ១៩៨៨ រហូតមានការរីកចម្រើនឥតឈប់ឈរ។
លោកបន្តថា «អគារសម្តេចពិជ័យសេនា ទៀ បាញ់ ១៧៧» ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនដែលប្រសូត្រចេញពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់គ្រប់ែបបយ៉ាងរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាននៃមន្ទីរពេទ្យព្រះកេតុមាលា ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីផលវិជ្ជមាននៃដំណើរឆ្ពោះទៅមុខក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យសុខាភិបាល របស់កម្ពុជា ជាពិសេសការជំរុញវិស័យសុខាភិបាលក្នុងកងយោធពលខេមរភូមិន្ទផងដែរ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់បន្ថែមថា មន្ទីរពេទ្យព្រះកេតុមាលា បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា លើផ្នែកសុខាភិបាល ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកបច្ចុប្បន្នក្នុងការថែទាំ ព្យាបាលជំងឺជូននាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារកងទ័ព។ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជិត២៥ឆ្នាំមកនេះ បានធ្វើឱ្យប្រទេសកម្ពុជា មានសន្តិភាព និងការឯកភាពជាតិពេញលេញ ធ្វើឱ្យកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះបានធ្វើឱ្យមន្ទីរពេទ្យព្រះកេតុមាលា មានលទ្ធភាពពង្រឹងសមទ្ធភាពទាំងហេដ្ឋារចនាសម្ព័ន្ធនានា និងការលើកកម្ពស់សមត្ថភាពក្រុមវេជ្ជបណ្ឌិតជាដើម៕