កូនប្រុសទី២ របស់អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ចូលរួមព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ ក្នុងតំបន់អភិវឌ្ឍន៍ ING CITY

ជុំវិញ​ឧកញ៉ា

លោក អុឹង ស៊ីវខូវ កូនប្រុស​ទី២ របស់​អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) ​​កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣​ ​បាន​ដឹកនាំ​​គណៈគ្រប់គ្រង​និង​បុគ្គលិក​ជាន់ខ្ពស់​​​ក្រុមហ៊ុន អាយអិនជី ហូលឌីង ចំនួន៣៥នាក់ ចូលរួមព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ ​ដើម្បីអនាគត ចម្ងាយ​៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ ក្នុងតំបន់អភិវឌ្ឍន៍ ING CITY ដែលមានអ្នកចូលរួមសរុបប្រមាណ ១២០០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំនិងដំបូងគេក្នុងតំបន់អភិវឌ្ឍន៍ ING CITY នេះ បាន​ចាប់ផ្ដើមនិងបញ្ចប់ការរត់នៅលើ​មហាវិថី ឈុន គង់ ត្រង់ចំណុចផ្សារទំនើប អ៊ីអន មានជ័យ និងរត់កាត់លើមហាវិថី សម្ដេច ហ៊ុន សែន។ ព្រឹត្តិការណ៍​ដ៏អស្ចារ្យនេះ ត្រូវបានរៀបចំដោយក្លឹប SUSU ក្លឹប KKRC និងក្លឹប SheRuns ព្រមទាំងសហការ​ផ្ដល់​ទីតាំងរៀបចំដោយក្រុមហ៊ុន អាយអិនជី ហូលឌីង ហើយថវិកាដែលបានពីការរត់ប្រណាំង​នេះ​ នឹងផ្ដល់ជូន​ទៅ​សាលាបរិបូរសម្រាប់នារី មជ្ឈមណ្ឌលអប់រំមាតុភូមិខ្មែរ និងមណ្ឌលកុមារផ្ទះក្លារ៉ា។​​

នេះជាព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ដំបូងបង្អស់នៅកម្ពុជា ដែលផ្ដល់ជូននូវ ៦វិញ្ញាសាតាមក្រុមអាយុ​ដែល​មានពានរង្វាន់ និងប្រាក់រង្វាន់សម្រាប់ កុមារអាយុក្រោម ១៨ឆ្នាំ (ស្រីនិងប្រុស) ក្រុមមហាជនទូទៅ​អាយុពី​១៨ឆ្នាំ ដល់៥០ឆ្នាំ (ស្រីនិងប្រុស) និងក្រុមជើងចាស់អាយុលើស ៥០ឆ្នាំ (ស្រីនិងប្រុស)។

លោក អុឹង ស៊ីវខូវ ​អគ្គនាយក ក្រុមហ៊ុន អាយអិនជី ហូលឌីង

សូម​ជម្រាប​ថា លោក អុឹង ស៊ីវខូវ វ័យ២៥ឆ្នាំ ជា​កូនប្រុស​ទី២ របស់​អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និង លោកស្រី​ ហេង សុខា។ បច្ចុប្បន្ន​ លោក អុឹង ស៊ីវខូវ កំពុង​កាន់តួនាទី​ជា​អគ្គនាយក ក្រុមហ៊ុន អាយអិនជី ហូលឌីង និង​ជា​ភាគទុនិក ធនាគារឯកទេស ដូនពេញ ម.ក ខណៈ​ដែល​បងប្រុស​របស់​លោក គឺ​លោក អុឹង ស៊ីវម៉េង ក៏​ជាអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង និង​ជា​អគ្គនាយក នៃក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប៕