រយៈពេលជាងមួយទសវត្សចុងក្រោយនេះ រដ្ឋាភិបាលចិនហាក់ព្យាយាមកាត់បន្ថយឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេស ជាពិសេសគឺក្រុមហ៊ុន Apple ពោលហាមប្រាមមិនឲ្យបុគ្គលិករដ្ឋាភិបាល ប្រើប្រាស់ទូរស័ព្ទ iPhone អំឡុងពេលធ្វើការឡើយ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា រដ្ឋាភិបាលចិនបានអំពាវនាវឲ្យបុគ្គលិករដ្ឋាភិបាលទាំងអស់ ងាកមកប្រើប្រាស់ទូរស័ព្ទទំនើប ដែលជាផលិតផលក្នុងស្រុក ដើម្បីគាំទ្រដល់ក្រុមហ៊ុនចិន ជាជាងប្រើផលិតផលអាមេរិក។
គួររំលឹកបន្តិចថា ចិនគឺជាទីផ្សារលក់ដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Apple ហើយបន្ទាប់ពីរដ្ឋាភិបាលដាក់បម្រាមបែបនេះ ក្រុមហ៊ុនខ្នាតយក្សអាមេរិកទទួលបានការខាតបង់ដ៏សំបើម ពោលកាលពីព្រឹត្តិការណ៍លក់ធំបំផុតរបស់ចិន កាលពីខែវិច្ឆិកាកន្លងទៅ Apple លក់ទូរស័ព្ទបានតិចជាងរាល់ឆ្នាំ និងមានអត្រាលក់ទាបជាងក្រុមហ៊ុនក្នុងស្រុកដូចជា Huawei និង Xiaomi ថែមទៀត។
ជម្រាបបន្ថែមថា មូលហេតុដែលរដ្ឋាភិបាលចិន ហាមមិនឲ្យបុគ្គលិករបស់ខ្លួនប្រើប្រាស់ទូរស័ព្ទ iPhone អំឡុងពេលធ្វើការ គឺដើម្បីការពារការលួចទិន្នន័យរដ្ឋាភិបាល និងដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុក ដែលកំពុងខិតខំអភិវឌ្ឍន៍ និងផលិតនូវឧបករណ៍បច្ចេកវិទ្យាជាច្រើន ដើម្បីប្រកួតប្រជែង ក៏ដូចជាការសងសឹកទៅលើអាមេរិក ដែលកន្លងមកបានហាមឃាត់ការនាំចេញផលិតផលបច្ចេកវិទ្យារបស់ខ្លួន ទៅកាន់ទីផ្សារអាមេរិកជាដើម៕