គ្រាន់តែថ្លៃចាក់សាំងយន្តហោះ Elon Musk ចាយលុយជាង ៣លានដុល្លារ

អន្តរជាតិ

ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានជិះយន្តហោះ​ផ្ទាល់ខ្លួនរបស់លោក ប្រហែល ៤៤១ដង សម្រាប់បំពេញទស្សនកិច្ចនៅក្រៅប្រទេស ក៏ដូចជា​ទៅមើលការខុសត្រូវនៅក្រុមហ៊ុននានា ដែលស្ថិតនៅរដ្ឋផ្សេងៗគ្នាជុំវិញសហរដ្ឋអាមេរិក ខណៈការចាក់សាំងយន្តហោះវិញ សរុបជាទឹកប្រាក់ ៣,២លានដុល្លារ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Insider។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ន មហាសេដ្ឋីអាមេរិកម្នាក់នេះ មានយន្តហោះផ្ទាល់ខ្លួនចំនួន ២គ្រឿងគឺ G650ER និងG550 ខណៈយន្តហោះទាំង ២គ្រឿងនេះ គឺសុទ្ធតែមានតម្លៃលើសពី ១០០លានដុល្លារក្នុងមួយគ្រឿង ស្របពេលលេចលឺដំណឹងថា លោកកំពុងដាក់បញ្ជាទិញ​មួយគ្រឿងបន្ថែមទៀត ជាប្រភេទ Gulfstream G700។

ជាមួយគ្នា របាយការណ៍ពីគេហទំព័រ JetSpy ក៏បានបង្ហាញទៀតថា គិតត្រឹមពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣នេះ យន្តហោះផ្ទាល់ខ្លួនរបស់ Elon Musk បានធ្វើការហោះហើរច្រើនជាង ១ ១៦១ម៉ោង ឬស្មើហ្នឹងរយៈពេល ៤៨ថ្ងៃ។

បន្ថែមពីនោះ គេហទំព័រ JetSpy ក៏បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៣ យន្តហោះផ្ទាល់ខ្លួនរបស់មេធំ Tesla បានហោះហើរជាមធ្យម រយៈពេល ២ម៉ោងកន្លះ និងហោះចេញពីរដ្ឋកាលីហ្វ័រញ៉ា ទៅកាន់រដ្ឋតិចសាស់ញឹកញាប់ជាងគេ ដ្បិតរដ្ឋទាំង២នេះ គឺជាមូលដ្ឋានរបស់ក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Tesla។

ដោយឡែក សម្រាប់ការហោះហើរយៈពេលយូរបំផុតរបស់ Elon Musk នាឆ្នាំនេះ គឺការធ្វើដំណើរ​ឆ្ពោះទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលចំណាយពេលជិត ១៣ម៉ោង កាលពីខែសីហា៕