សហភាពអឺរ៉ុប នឹងចាប់ផ្ដើមអនុវត្តច្បាប់ហាមឃាត់ការនាំចេញត្បូងពេជ្ររបស់រុស្ស៊ី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤តទៅ ខណៈការហាមប្រាមមួយនេះ គឺជាផ្នែកមួយនៃទណ្ឌកម្មសេដ្ឋកិច្ចលើកទី១២ ដែលលោកខាងលិច បានដាក់ទៅលើរុស្ស៊ី។
យោងតាមការចុះផ្សាយពីសារព័ត៌មាន RT ក៏បានរាយការណ៍បន្ថែមថា ការហាមឃាត់នេះអនុវត្តចំពោះពេជ្រដែលមានដើមកំណើតនៅក្នុងប្រទេសរុស្ស៊ី ពេជ្រដែលនាំចេញពីប្រទេសរុស្ស៊ី ពេជ្រឆ្លងកាត់ប្រទេសរុស្ស៊ី និងពេជ្ររុស្ស៊ីនៅពេលកែច្នៃនៅក្នុងប្រទេសទីបី។
គូសបញ្ជាក់បន្តិចថា ការហាមឃាត់ការនាំចេញពេជ្រពីប្រទេសរុស្ស៊ី និងឆ្លងកាត់ប្រទេសរុស្ស៊ី នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំក្រោយតទៅ ខណៈពេជ្រដែលមានដើមកំណើតនៅរុស្ស៊ី និងពេជ្ររុស្ស៊ី កែច្នៃនៅប្រទេសទីបី នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមីនាជាបណ្ដើរៗ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។
សូមជម្រាបដែរថា ការហាមឃាត់ការនាំចេញពេជ្ររបស់រុស្ស៊ីនេះ គឺជាផ្នែកមួយនៃការប្រឹងប្រែងរបស់ក្រុមប្រទេស G7 ជុំវិញការកាត់ផ្ដាច់ប្រភពចំណូលរបស់រុស្ស៊ី ដែលកន្លងមកពួកគេក៏ធ្លាប់ដាក់ទណ្ឌកម្មលើការនាំចេញប្រេង និងឧស្ម័នរបស់រុស្ស៊ីផងដែរ ប៉ុន្តែវាមិនទទួលបានលទ្ធផលជាដុំកំភួនប៉ុន្មានឡើយ៕