ការនាំចេញរបស់ថៃនៅខែវិច្ឆិកា មានការកើនឡើង ៤,៩%

អន្តរជាតិ

ទិន្នន័យរបស់នាយកដ្ឋានគយថៃបានបង្ហាញថា ការនាំចេញរបស់ប្រទេសថៃ បានកើនឡើង៤,៩% នៅក្នុងខែវិច្ឆិកាបើធៀបនឹងឆ្នាំមុន ខណៈនេះជាទិន្នន័យនៃការកើនឡើងរយៈពេល ៤ខែជាប់ៗគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសថៃនោះ គឺដោយសារមានការជួយជ្រោមជ្រែងពីការនាំចេញប្រេង អង្ករ កុំព្យូទ័រ និងគ្រឿងបន្លាស់កុំព្យូទ័រកាន់តែច្រើន។ តែយ៉ាងណា ការនាំចេញរថយន្ត និងម៉ាស៊ីនត្រជាក់ បានធ្លាក់ចុះនៅក្នុងឆ្នាំនេះទៅវិញ។

ជាមួយគ្នានោះ គិតត្រឹមនៅក្នុងខែវិច្ឆិកាដដែល ការនាំចូលបានកើនឡើង ១០,១% បើធៀបទៅនឹងឆ្នាំមុន ដែលនេះបានបណ្តាលឲ្យមានឱនភាពពាណិជ្ជកម្ម ចំនួន ២,៤ពាន់លានដុល្លារ។

គួរជម្រាបបន្ថែមថា នាយកដ្ឋានគយថៃបានលើកឡើងពីការនាំចេញរបស់ប្រទេសខ្លួន ទៅកាន់សហរដ្ឋអាមេរិក និងជប៉ុននៅក្នុងខែវិច្ឆិកា បានកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលការនាំចេញទៅកាន់ប្រទេសចិន និងអឺរ៉ុបវិញបានធ្លាក់ចុះ៕