ក្រសួងកសិកម្ម​ត្រូវការដៃគូផ្តល់កម្ចី​មានអត្រាការប្រាក់ទាបជួយដល់សហគមន៍កសិកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងប្រាប់ទីប្រឹក្សាពិសេសរបស់អគ្គនាយក FAO ទីស្នាក់ការកណ្តាលទីក្រុងរ៉ូម កាលពីថ្ងៃទី១៨ ខែធ្នូម្សិលមិញ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសការការពារ និងគ្រប់គ្រងកត្តាចង្រៃលើផលិតផលកសិកម្ម និងការផ្សព្វផ្សាយការងារភូតគាមអនាម័យ (SPS)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ លោក ឌិត ទីណា ក៏បានគូសបញ្ជាក់អំពីគោលនយោបាយកសិកម្មក្នុងការជំរុញសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មតាមភូមិឃុំ ដែលទើបរៀបចំការប្រលងជ្រើសរើសជំហានដំបូងឆ្នាំ២០២៣ ចំនួន ២៥០នាក់ ដើម្បីជួយកសិករលើបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងផលិតកម្ម និងខ្សែច្រវាក់តម្លៃ ដើម្បីឱ្យចំណាយថ្លៃដើមទាប ទទួលតម្លៃបន្ថែមខ្ពស់ និងចំណេញច្រើន។

លោករដ្ឋមន្ត្រីថ្លែងថា៖ «ក្រសួងត្រូវការដៃគូណា ដែលអាចផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ជួយដល់សហគមន៍កសិកម្មអាចវិនិយោគឈានទៅរកភាពរឹងមាំ និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ លើមុខដំណាំសំខាន់ៗដូចជាអង្ករ ស្វាយចន្ទី និងបន្លែ ព្រមទាំងផលិតផលមានសក្តានុពលដទៃទៀត»។

គួររំលឹកថា កន្លងទៅ រដ្ឋមន្ត្រីក្រសួង​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏ធ្លាប់បានឲ្យដឹងដែរថា ក្នុង​ឆ្នាំ​ ២០២៣ នេះ ក្រសួង​សង្ឃឹមថា ទំហំ​ឥណទាន​ការ​​ប្រា​ក់ទាបនឹង​កើនឡើង ហើយ​ផ្តល់​ចំ​គោលដៅ​អាទិភាព​ដែល​បានកំណត់ នៅក្នុង​វិស័យ​កសិកម្ម​។​

លោកថ្លែងថា​៖ «​ឥណទាន​ការប្រាក់​ទាប​នឹងត្រូវ​បាន​ប្រើ​ប្រាស់​ជា​មធ្យោបាយ​ក្នុងការ​លើកទឹកចិត្ត និង​តម្រង់ទិស​តួអង្គ ទាំងឡាយ​ដល់​ការអនុវត្ត​ការ​ច្រង​ក្រង​ជា​បណ្ដាញ​ពី​កសិករ​ដល់ទី​ផ្សារ និង​ការអនុវត្ត​ផលិតកម្ម​តាម​កិច្ចសន្យា​។ ពាក់ព័ន្ធ​នឹង​ការផ្តល់​ឥណទាន​ការប្រាក់​ទាប ធនាគារ​អភិ​វឌ្ឍន៍​ជនបទ និង​កសិកម្ម​បានផ្តល់​ឥណទាន​ប្រមាណ ​៣៨០ ​លាន​ដុល្លារ​អាមេរិក​រួចហើយ​ដល់​កសិករ និង​អ្នក​កែច្នៃ​ផលិត​ផល​កសិកម្ម​ដល់​ជាង ៦០ ​ភាគ​​រយ នៃ​ឥណទាន​នេះ ដែលមាន​អត្រា​ការប្រាក់​ប្រចាំឆ្នាំ​ក្នុង​រង្វង់​ត្រឹម​ ៥ ទៅ​ ៥,៥​ ភាគរយ​ប៉ុណ្ណោះ​»​។

សូមជម្រាបជូនថា ដោយ​ទទួល​បានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលជា​អាណា​ព្យា​បាល ធនាគារ ARDB បាន​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​ជា​ការិយាល័យ​ចល័ត​ចំនួន ១៥ នៅតាម​បណ្តា​ខេត្ត ដើម្បី​ផ្តល់​សេវា​ធនាគារ​ជូន​ប្រជាកសិករ សហគមន៍​កសិកម្ម រោង​ម៉ាស៊ីន​កិនស្រូវ សហគ្រាស​ធុន​តូច​និង​មធ្យម ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​​ឧស្សាហកម្ម ឱ្យទទួល​​បាន​កម្ចី​ដែលមាន​អត្រា​ការ​ប្រា​ក់ទាប ដើម្បី​ជំរុញ​ការ​អភិ​​វ​ឌ្ឍ​វិស័យ​កសិកម្ម​ឱ្យមាន​ភាព​​រីកចម្រើន​៕